NEWS
Modric ៖ Orsato ​ជា​អាជ្ញាកណ្ដាល​អាក្រក់​បំផុត ​គាត់​ជា​គ្រោះ​មហន្តរាយ​
2022-12-18 11:12:41
ខ្សែ​បម្រើ Luka Modric ​ពិត​ជា​មិន​ពេញ​ចិត្ត​ជាមួយ​ការ​កាត់​សេចក្ដី​របស់​លោក​អាជ្ញាកណ្ដាល Orsato ​ក្នុង​ជំនួប​ក្រូអាត ​ចាញ់​អាហ្សង់ទីន​ក្នុង​លទ្ធផល ​៣-០ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ​កន្លង​ទៅ​នេះ​ទេ។ ​ខ្សែ​បម្រើ​ដែល​មាន​ភាព​ចាស់​ទុំ ​មិន​សូវ​មាត់​ក ​និង​និយាយ​ច្រើន​ខាង​លើ ​បាន​អះអាង​ក្រោយ​ការ​ប្រកួត​ទល់​ក្រុម​អាហ្សង់ទីន​ថា​៖ “ខ្ញុំ​មិន​ដែល​និយាយ​ពី​អាជ្ញាកណ្ដាល​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​នេះ​វា​មិន​អាច​ទៅ​រួច​ទេ​ដែល​មិន​និយាយ​ពី​គាត់។ គាត់​ជា​អាជ្ញាកណ្ដាល​អន់​បំផុត​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់។ ​មិន​ត្រឹម​តែ​ប្រកួត​ថ្ងៃ​នេះ​ទេ ​គាត់​បាន​ដឹក​នាំ​ការ​ប្រកួត​ច្រើន​មក​ហើយ​ដែល​ខ្ញុំ​បាន​ជួប ​ហើយ​ខ្ញុំ​មិន​ដែល​ទទួល​បាន​រឿង​ល្អ​ៗ​ពី​គាត់​ឡើយ។ គាត់​ជា​មហន្តរាយ​។ ​ទល់​អាហ្សង់ទីន​ជា​ការប្រកួត​សំខាន់ ​ហើយ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នោះ​ក៏​ជា​ការ​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ផង​ដែរ”។ ​រំលឹក​ថា​អាហ្សង់ទីន ​ទទួល​បាន​បាល់​ប៉េណាល់ទី​សម្រាប់​គ្រាប់​ទី​១​ដែល​ទាត់​ចូល​ដោយ Lionel Messi ​។ ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នោះ​ដែរ គឺ​បន្ទាប់​ពី​អាជ្ញាកណ្ដាល​ចាប់​ថ្នាក់​ថា Dominik Livakovic ​បាន​បង្ក​កំហុស​លើ Julian Alvarez ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ខណៈ​ដែល​ខាង​ក្រូអាត​មិន​យល់​ស្រប​ចំពោះ​ការ​សម្រេច​ចិត្ត​នោះ​ទេ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport