FIFA បើកការស៊ើបអង្កេតករណីចុងភៅល្បី Salt Bae ចូលទៅឱបថើបពាន World Cup
2022-12-26 04:12:54
FIFA នឹងធ្វើការបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីចុងភៅសាច់គោដ៏ល្បី ដែលមានរហស្សនាមថា Salt Bae ក៏ដូចជាមនុស្សមួយចំនួនទៀត ដែលចូលទៅកាន់ទីលានបាល់ទាត់ ដើម្បីទៅអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដោយមិនមានការអនុញ្ញាតច្បាស់លាស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ប្រភពខាងលើបានឱ្យដឹងថា អ្នកនាំពាក្យ FIFA បាននិយាយថា៖ «ក្រោយការត្រួតពិនិត្យ FIFA បានរកឃើញថាមានបុគ្គលមួយចំនួនបានចូលទៅកាន់ទីលានដោយមិនមានការអនុញ្ញាត នៅក្រោយពិធីបិទ នៅកីឡដ្ឋាន Lusail នៅថ្ងៃទី១៨ ខែធ្នូ»។ «វិធានការផ្ទៃក្នុងសមស្របណាមួយនឹងត្រូវអនុវត្ត»។ នេះបើតាមការបន្ថែមរបស់ FIFA។សូមជម្រាបថា បើតាមបទបញ្ជារបស់ FIFA ពាន World Cup នឹងត្រូវបានកាន់ដោយមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ដែលរាប់បញ្ចូលទាំងកីឡាករជើងឯកពាននេះ មន្ត្រីរបស់ FIFA និងប្រមុខរដ្ឋ។ លោក Salt Bae ដែលមានឈ្មោះពិតថា Nusret Gökçe ជាចុងភៅ និងម្ចាស់ហាងសាច់គោទួរគី ដែលចាប់ផ្ដើមល្បីឈ្មោះនៅឆ្នាំ២០១៧។ តារា និងកីឡាករល្បីៗសុទ្ធតែធ្លាប់ជាភ្ញៀវរបស់លោកនាពេលកន្លងមក៕
ប្រភព៖ BBC