NEWS
Real Madrid សម្លឹង​រក​បាន​អ្នក​ជំនួស Marcelo ស្រប​ពេល​ Ronaldo ណាត់​ថ្ងៃ​តេស្ត​សុខភាព​នៅ​ក្លឹប​ថ្មី
2023-01-03 05:01:36
រំលង​តែ​ប្រហែល ៧២ ម៉ោង​ទៀត ដំណើរការ​ទីផ្សារ​ដោះដូរ​រដូវ​រងា​នឹង​ត្រូវ​បើក​ទ្វារ ហើយ​ក៏​ជឿ​ថា​បណ្តា​ក្លឹប​ធំ​តូច​ជា​ច្រើន បាន​សម្លឹង​ឃើញ​ឱកាស​ខាង​មុខ​នេះ ក្រោយ​ក្រវែល​តាម​មើល​គោលដៅ​ចង់​បាន​អស់​កាល​ជា​យូរ និង​ខ្លះ​ទៅ​ទើប​ត្រូវ​ចិត្ត​ក្រោយ​កីឡាករ​បង្ហាញ​ទម្រង់​លេង​នៅ World Cup។ងាក​ទៅ​ស្ថានភាព​ក្លឹប​អធិរាជ​ស​ក្នុង​ប្រទេស​អេស្ប៉ាញ​គឺ Real Madrid និង​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​គឺ Al Nassr ក៏​យើង​មាន​រឿងត្រូវ​ជជែក​គ្នា​ផង​ដែរ ព្រោះ​សុទ្ធ​តែ​ផ្សារភ្ជាប់​ទៅ​នឹង​អនាគត​តារា​ឆ្នើម​ទាំង ២ រូប​ក្នុង​ពិភព​បាល់ទាត់។ ១) Real Madrid រក​ឃើញ​អ្នក​ត្រូវ​ជំនួស​តំណែង Marcelo កាល​ដើម​ឡើយ ​ក្រុម​លោក Carlo Ancelotti មាន​ជម្រើស​ការពារ​ស្លាប​ឆ្វេង​ដល់​ទៅ ២ រួម​មាន Marcelo និង Ferland Mendy។ ដល់​តែ​ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ចាកចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ទៅ​កាន់​ទ្រនំ​ថ្មី​នៅ​ឯ​ប្រទេស​ក្រិក​គឺ Olympiacos។ នេះ​មាន​ន័យ​ថា ជម្រើស​ក្នុង​ដៃ​របស់​ស្តេច​ស នៅ​ការពារ​ស្លាប​ឆ្វេង​សល់​តែ Mendy ម្នាក់​គត់ ដែល​ចំ​ជា​តំណែង​ហ្សីន វា​ក៏​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​ក្នុង​ទីក្រុង Madrid គិត​ឃើញ​ថា ការ​បំពេញ​ចូល​អ្នក​ថ្មី​គឺ​ជា​រឿង​ចាំ​បាច់ ហើយ​បាន​ដាក់​ចិត្ត​ទៅ​លើ​គោលដៅ​ជា​កីឡាករ​វ័យ​ក្មេង សញ្ជាតិ​កាណាដា គឺ Alphonso Davies។ បន្ទាប់​ជោគជ័យ​ការ​ចរចា​សម្រេច​នាំ​យក Endrick នៅ​តំបន់​ប្រយុទ្ធ ក្លឹប​ម្ចាស់ដី Bernabeu ក៏​សម្លឹង​ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​ការពារ​ក្រោម ហើយ​មើល​ឃើញ Davies ជា​អ្នក​ដ៏​សក្ដិសម ក្នុង​ការ​មក​ជំនួស​កន្លែង​ Marcelo។ យ៉ាង​ណា​ក្លឹប​មិន​ទាន់​គិត ថា​នឹង​អាច​ចរចា​ជោគជ័យ​នៅ​ឆ្នាំ ២០២៣ ខាង​មុខ​ទេ ពោល​ទុក​ឲ្យ​កីឡាករ​កៀក​ផុត​កុងត្រា​នៅ​ឆ្នាំ​បន្ទាប់​មួយ​ទៀត ២០២៤ ពោល​ចង់​យក​បាន​វត្តមាន​របស់​កីឡាករ​កាណាដា ដំណាល​គ្នា​នឹង​ការ​មក​ដល់​របស់ Endrick តែ​ម្តង។ យុវជន​វ័យ ២២ ឆ្នាំ ដូច​បាន​មើល​ឃើញ ល្អ​ទាំង​ការពារ ល្អ​ទាំង​ការ​បង្កើត​ឱកាស ការ​រក​គ្រាប់​បាល់ ជា​រួម​អាច​លេង​បាន​ទាំង​ទម្រង់​ការពារ​ស្លាប និង​ប្រយុទ្ធ​ស្លាប ដូច​បង្ហាញ​កន្លង​មក​ឲ្យ​ក្លឹប Bayern Munich និង​ជម្រើស​ជាតិ​កាណាដា​នៅ World Cup។ ២) Al Nassr ណាត់​ថ្ងៃ​តេស្ត​សុខភាព​ជាមួយ Ronaldo តាម​របាយការណ៍​ពី CBS Sports ចុះ​ផ្សាយ​ថា ក្លឹប​សេដ្ឋី​នៅ​មជ្ឈិមបូព៌ា​បាន​ណាត់​ថ្ងៃ​តេស្ត​សុខភាព​ជាមួយ Cristiano Ronaldo ហើយ​បម្រុង​នឹង​សម្រេច​គ្រប់​យ៉ាង​ត្រឹម​ដើម​ខែ​មករា ឆ្នាំ ២០២៣ ខាង​មុខ។ នេះ​វា​មាន​ន័យ​ថា ដំណើរការ​ចរចា​គឺ​ឈាន​ដល់​ ៩៥ ភាគរយ កៀក​នឹង​ប្រកាស​ជា​ផ្លូវការ ហើយ​វត្តមាន​កីឡាករ​វ័យ ៣៧ ឆ្នាំ នៅ​ក្លឹប​ក្នុង​ទ្វីប​អាស៊ី ក៏​នឹង​រំពឹង​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជា​ហែហូរ ជួយ​ក្លឹប​ឲ្យ​ស្គាល់​ជាតិ​ឈ្នះ​ពាន​លីគ​កំពូល ក្រោយ​ខកខាន​តាំង​ឆ្នាំ ២០១៩។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់ រំពឹង​អាច​កើប​លុយ​ល្បាក់ ២០៧ លាន​ដុល្លារ/ឆ្នាំ នេះ​បើ​បូក​ទាំង​ប្រាក់​ឈ្នួល និង​ប្រាក់​កិច្ច​ព្រមព្រៀង​លើ​កម្មសិទ្ធិបញ្ញា​ផ្សេងៗ​ជាមួយ​ក្លឹប​ខាង​លើ៕ ប្រភព៖ បរទេស​​​
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport