NEWS
រឿង៤ យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ឥទ្ធិពល​បាល់ទាត់​កាតារ ​ជា​ទ្រនំ​ថ្មី សៀង ចន្ធា​ត្រៀម​ទៅ​ចូលរួម
2023-07-20 10:07:44
កក្រើក​ព័ត៌មាន​ទីផ្សារ​ដោះដូរ​កីឡាករ​កម្ពុជា ដោយ​ថ្មីៗ​នេះ​ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​អ្នក​ស្រី ពុធ ធីតា បាន​បង្ហើប​ដំណឹង​ច្បាស់ការ ​ជុំវិញ​ការ​ត្រៀម​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង សៀង ចន្ធា ​ទៅ​ឲ្យ​ក្លឹប​នៅ​ប្រទេស​កាតារ​ខ្ចី​ជើង តែ​មិន​ទាន់​លម្អិត​ថា​ជា​ក្លឹប​ណា​មួយ​នៅ​ឡើយ។ នេះ​រាប់​ជា​កីឡាករ​ពេញ​សញ្ជាតិ​ខ្មែរ​ដំបូង​បង្អស់​ហើយ ដែល​ត្រៀម​ទៅ​ចូលរួម​នៅ​ប្រទេស​ក្នុង​តំបន់​ឧបទ្វីប​អារ៉ាប់ ដ្បិត​អី​កន្លង​មក​ក៏​ធ្លាប់​មាន​កូន​កាត់​កាតារ-កម្ពុជា ខ្សែ​ការពារ​កណ្តាល Abdulla Ismail Al-Ali ឈរ​ជើង​ឲ្យ​ក្លឹប​ Al-Rayyan ហើយ​បន្ត​វត្តមាន​មក​ទល់​សព្វថ្ងៃ។ សារ​ជា​រួម​ទៅ​កាន់​បាល់ទាត់​កាតារ CTS Sports បង្ហាញ​ ៤ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ឥទ្ធិពល​នៅ​ទី​នោះ៖
៤. ចំណាត់ថ្នាក់​នៅ AFC Ranking ក៏​ជា​សមាជិក​មួយ​របស់​សមាគម​បាល់ទាត់​អាស៊ី​ហៅ​កាត់ AFC ហើយ​តាម​ការ​ចេញ​ផ្សាយ​បញ្ជី​ចំណាត់ថ្នាក់ AFC Club Competitions Ranking គិត​ត្រឹម​ឆ្នាំ​ទៅ ២០២២ ក្របខ័ណ្ឌ​បាល់ទាត់​នៅ​កាតារ​ឈរ​លេខ​រៀង​ទី ៤ នេះ​នៅ​ទាប​ជាង​តែ​ក្របខ័ណ្ឌ​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​អារ៉ាប៊ីសាអូឌីត ដែល​កំពុង​ផ្ទុះ​ខ្លាំង​លើ​ការ​ប្រមូល​ចូល​កីឡាករ​កំពូល​ចេញ​ពី​ទ្វីប​អឺរ៉ុប។ ៣. ការ​ទៅ​ចូលរួម​របស់​កីឡាករ​និង​អ្នកចាត់ការ​ល្បីៗ ប្រទេស​ស្តេច​ប្រេង​នៅ​អាស៊ី​ខាង​លិច​មួយ​នេះ ​កន្លង​មក​ក៏​ធ្លាប់​ប្រមូល​យក​បាន​កីឡាករ និង​អ្នកចាត់ការ​លំដាប់​កំពូល​មួយ​ចំនួន​ចេញ​ពី​តំបន់​អឺរ៉ុប​ផង​ដែរ តួ​យ៉ាង​ដូច​ជា៖ Pep Guardiola: ប្រហែល​គ្នា​យើង​មិន​សូវ​បាន​ចាប់​អារម្មណ៍​នោះ​ទេ តែ​ចាក់​ឲ្យ​ជ្រៅ​ទៅ​ប្រវត្តិ​គ្រូ Man City បច្ចុប្បន្ន កាល​នៅ​ជា​កីឡាករ​បន្ទាប់​ឈរ​ជើង​ឲ្យ Barcelona និង​ក្លឹប​មួយ​ចំនួន​នៅ​អ៊ីតាលី ចន្លោះ​ឆ្នាំ ២០០៣ ដល់ ២០០៥ ក៏​ធ្លាប់​រួម​អាជីព​ឲ្យ​ក្លឹប​កាតារ Al-Ahli ផង​ដែរ។
(រ៉ាអ៊ូល ហ្គន់ហ្សាលេស) Raul Gonzalez: នេះ​ងាក​មក​អតីត​ Legend របស់ Real Madrid វិញ​ម្តង ក៏​ធ្លាប់​បាន​ឈរ​ជើង​ពីរ​ឆ្នាំ​ឲ្យ​ក្លឹប Al-Sadd SC នៅ​កាតារ និង​រក​បាន ១១ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ៤៤ ប្រកួត។ (ហាម៉េស រ៉ូឌ្រីហ្គេស) James Rodriguez: អតីត​កីឡាករ Real Madrid និង Bayern Munich លេង​បម្រើ​ក៏​បាន ប្រយុទ្ធ​ស្លាប​ក៏​ទៅ​រួច ធ្លាប់​ចាយ​ពេល​មួយ​ឆ្នាំ​ពេញ​ឲ្យ​ក្លឹប​កាតារ Al-Rayyan SC ​កាល​នោះ Everton លក់​ឲ្យ​ក្នុង​តម្លៃ ៨ លាន​អឺរ៉ូ។ Xavi Hernandez: Al-Sadd SC ជា​ក្លឹប​តែ​មួយ​គត់​ក្នុង​អាជីព​ជា​កីឡាករ​របស់​បុរស​សញ្ជាតិ​អេស្ប៉ាញ រាប់​បន្ទាប់​ពី Barcelona។ ឈរ​ជើង​នៅ​ទី​នោះ ៤ ឆ្នាំ ហើយ​ក៏​បន្ត​ចាយ​ពេល​ជា​អ្នកចាត់ការ​ថែម ២ ឆ្នាំ​ទៀត ឈ្នះ​ពាន​ហូហែរ​មិន​ក្រោម ៥ គ្រឿង​ឡើយ មុន​មក​ដឹកនាំ​អ្នក​មាន​បុណ្យ​ទល់​សព្វថ្ងៃ។ ២. ម្ចាស់​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ជា​ជនជាតិ​កាតារ ចាប់អារម្មណ៍​បំផុត​នោះ​គឺ Paris Saint-Germain បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​ម្ចាស់​ជា​ជនជាតិ​កាតារ។ ជាក់ស្តែង​​ពួកគេ​ត្រូវ​បាន​សម្ព័ន្ធ​យក្ស Qatar Sport Investment ទិញ​យក​តាំង​ឆ្នាំ ២០១០ ហើយ​សព្វថ្ងៃ​ចាត់តាំង​លោក Nasser Al-Khelaifi ជនជាតិ​កាតារ ជា​ប្រធាន។ ដូច​គ្នា​នឹង​ក្លឹប Man United ក៏​ល្ហិចល្ហៀង​ត្រៀម​មាន​ម្ចាស់​ថ្មី ជា​សែរាជវង្ស​កាតារ ដាក់​ទុន​ចាយ​លុយ​ធំ មិន​ក្រោម ៥ ពាន់​លាន​ដុល្លារ គ្រាន់​ពេល​នេះ​មិន​ទាន់​ប្រកាស។
១. ជា​ម្ចាស់ផ្ទះ FIFA World Cup ទើប​តែ​សម្រេច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ខ្នាត​យក្ស​ដោយ​ជោគជ័យ​កាល​ពី​ចុង​ឆ្នាំ ២០២២ គ្រា​អាហ្សង់ទីន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ កាតារ​បាន​ក្លាយ​ជា​ប្រទេស​នៅ​អាស៊ី​លើក​ទី ២ ជោគជ័យ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក ​បន្ទាប់​ពី​ជប៉ុន/កូរ៉េ​ខាង​ត្បូង​កាល​ឆ្នាំ ២០០២។ យ៉ាង​ណា​ពួក​គេ​បាន​ចាយ​លុយ​ច្រើន​មហាសាល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត ដល់​ទៅ ២២៩ ពាន់​លាន​ដុល្លារ ដើម្បី​តែ​ការ​រៀបចំ​សារ​នោះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport