គ្រូបង្វឹករបស់ថៃ ថាក្រុមកម្ពុជាលេងការពារដូចក្រុមលេងនៅ World Cup ដែរហើយ
2023-01-03 01:01:47
លោក Alexandre Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយសរសើរក្រុមកម្ពុជាថាមានប្រព័ន្ធលេងល្អ ជាពិសេសតំបន់ការពារខាងក្រោមតែម្ដង។ ក្រុមថៃបានយកឈ្នះលើក្រុមកម្ពុជាក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ AFF Cup 2022 នៅយប់មិញនេះ។ ជ័យជម្នះនេះ បានធ្វើឱ្យក្រុមថៃទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល ខណៈដែលកម្ពុជាវិញទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពូល និងមិនមានឱកាសដើម្បីឡើងទៅវគ្គបន្ដបាននោះទេ។ តែកម្ពុជា ពិតជាបានបង្ហាញទម្រង់លេងល្អប្លែកមែនក្នុងការប្រកួតនេះ រហូតដល់គ្រូបង្វឹកជម្រើសជាតិថៃសរសើរថែមទៀតផង។ លោក Alexandre Polking បាននិយាយថា៖ “ប្រសិនបើយើងចង់ការពារតំណែងជើងឯក យើងត្រូវតែលេងឱ្យបានល្អជាងនេះ។ យើងបាត់បាល់ច្រើនទល់កម្ពុជាដែលនៅមានកម្រិតទាប។ កម្ពុជាលេងដូចទៅនឹងប្រទេសជាច្រើនលេងកាលពី World Cup ។ ពួកគេផ្ដោតលើការការពារ និងស្វែងរកឱកាសដើម្បីវាយបកវិញ ជាមួយកីឡាករដែលមានល្បឿនលឿនរបស់ពួកគេ”៕