អារម្មណ៍ពេលឈ្នះពានរំភើបពេកទ្រាំមិនបានរត់ទៅបឺតមាត់កីឡាការនីត្រូវមហាជនរិះគន់ជាខ្លាំង
2023-08-23 09:08:07
ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់អេស្ប៉ាញហៅកាត់ RFEF លោក Luis Rubiales បានទទួលរងនូវការរិះគន់ជាខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រកីឡាបាល់ទាត់ ក្រោយរូបគាត់បានធ្វើកាយវិការមិនសមរម្យទៅលើកីឡាការនីអេស្ប៉ាញដោយចាប់បឺតមាត់។ សកម្មភាពនេះបានកើតឡើងអំឡុងពេលដែល ក្រុមជម្រើសជាតិនារីអេស្ប៉ាញបានលើកពាន FIFA Women’s World Cup ក្រោយយកឈ្នះក្រុមនារីអង់គ្លេសដោយលទ្ធផល 1-0 នៅវគ្គផ្តាច់ព្រ័ត្រ។
លុះចប់ការប្រកួតអារម្មណ៍សប្បាយរំភើបនិងរីករាយក៏ចូលមកដល់ ដោយកីឡាការនីក្រុមអេស្ប៉ាញទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំក្រុមនាំគ្នាអបអរនូវជោគជ័យដែលពួកគេធ្វើបាន ជាហេតុធ្វើឲ្យលោក Luis Rubiales រំភើបពេករត់ទៅបឺតមាត់កីឡាករនី Jenni Hermoso ដែលទង្វើរនេះធ្វើឲ្យមានការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាមិញ ជុំវិញបញ្ហានេះដែលលោក Luis Rubiales ក៏បានដឹងខ្លួនខុសនិងចេញមុខសុំទោសផងដែរ ដោយក្នុងនោះគាត់បានលើកឡើងថា ខ្ញុំពិតជាបានធ្វើខុសប្រាកដណាស់។
ប៉ុន្តែខ្ញុំធ្វើនេះមិនមែនមានចេតនាចង់កេងចំណេញឫមានបំណងអាក្រក់ទៅលើ Jenni Hermoso នោះទេ ខ្ញុំគ្រាន់តែមានអារម្មណ៍សប្បាយចិត្តពេកទើបទប់ចិត្តមិនបាន។ ជាចុងក្រោយខ្ញុំសូមចេញមុខសូមទោសជាសាធារណៈ ជាពិសេសជូនចំពោះសាមីខ្លួនគេផ្ទាល់ ហើយខ្ញុំនិងមិនធ្វើទង្វើរនេះទៀតជាដាច់ខាត ៕