NEWS
លោក Mauricio Pochettino អំពាវនាវឱ្យអ្នកគាំទ្រ Chelsea ជឿជាក់លើដំណើរការរបស់គាត់
2023-09-05 08:09:24
ក្រុមរបស់លោក Pochettino បានបង្ហាញទម្រង់លេងដ៏អាក្រក់កាលពីថ្ងៃសៅរ៍ទល់នឹងក្រុម Forest ហើយទីបំផុតបានចាញ់គ្រាប់បាល់តែមួយគ្រាប់របស់ Anthony Elanga នៅនាទីទី ៤៨។ ការបរាជ័យនេះគឺជាលើកទីពីររបស់ Chelsea នៃរដូវកាលនេះ ដោយក្រុមតោខៀវបានត្រឹមតែយកឈ្នះលើ Luton Town ដែលទើបនឹងឡើងពីលីគទីពីរ ក្នុងការប្រកួត ៤ ដងដំបូងនៃយុទ្ធនាការរបស់ពួកគេរហូតមកដល់ពេលនេះ។
អ្វី​ដែល​ធ្វើ​ឲ្យ​លទ្ធផល​ទាំង​នេះ​កាន់​តែ​ខក​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​គឺ​ពួកគេ​បាន​ចំណាយប្រាក់អស់ជាច្រើនក្នុងការទិញកីឡាករចូល។ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ Chelsea បានចំណាយប្រាក់ជាង ១ ពាន់លានផោន ហើយថែមទាំងបានបំបែកកំណត់ត្រាផ្ទេររបស់អង់គ្លេសក្នុងឱកាសពីរផ្សេងគ្នា គឺការចុះហត្ថលេខាលើ Enzo Fernandez ក្នុងតម្លៃ ១០៦ លានផោន និងបន្ទាប់មក Moises Caicedo ក្នុងតម្លៃ ១១៥ លានផោន។
ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីការបរាជ័យមួយផ្សេងទៀត លោក Pochettino ចង់សង្កត់ធ្ងន់ថា៖ “នៅពេលដែលអ្នកចាញ់ការប្រកួត អ្វីៗដែលអវិជ្ជមាននឹងលេចឡើង ប៉ុន្តែសម្រាប់អ្នកដែលដឹងពីដំណើរការមួយ វាគឺតែងតែមានឡើង មានចុះ។ យើង​មាន​ក្រុម​ក្មេងៗ​ណាស់។ យើង​ត្រូវ​ការ​បង្ហាញថា​យើង​អាច​រក​គ្រាប់​បាល់​បាន ហើយ​យើង​អាច​ដោះ​ស្រាយ​ស្ថានការណ៍​បាន។ ប្រាកដ​ណាស់ យើង​ត្រូវ​មាន​ការ​ខិតខំ​បន្ថែម​ទៀត​នៅ​ចំពោះ​មុខ​ការ​ស៊ុត​បាល់​បញ្ចូល​ទី និង​មិន​ឲ្យមាន​កំហុស​ដូច​ថ្ងៃ​នេះ​ទេ ពេល​យើង​របូត​ឱកាស ទៅកាន់ក្រុម Nottingham”៕​
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport