Chelsea ត្រៀមវាយចេញកីឡាករ 6 រូប
2023-02-02 10:02:16
Chelsea បានត្រៀមខ្លួនជាស្រេចក្នុងការផ្ទេរចេញសមាជិកដល់ទៅប្រាំមួយនាក់ក្នុងក្រុមរបស់ពួកគេបន្ទាប់ពីការទិញកីឡាករដ៏គួរអោយភ្ញាក់ផ្អើលក្នុងខែមករានេះ ។ ក្រុមតោខៀវបានចំណាយលុយសរុប 323 លានផោនក្នុងការនាំយកកីឡាករមកចូលរួមក្រុងនៅក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវរងារ ។ ជាមួយនឹងការនាំចូលដ៏ច្រើននេះ អ្នកដែលឈឺក្បាលជាងគេគឺលោកគ្រូបង្វឹក Graham Potter ព្រោះលោកក៏ត្រូវសម្រេចចិត្តលក់ចេញវិញនូវកីឡាករមួយចំនួនផងដែរ ។
យោងតាមកាសែត The Guardian កីឡាករចំនួន 6 នាក់អាចនឹងត្រូវបានលក់ចេញនៅរដូវក្តៅ ដើម្បីបង្កើតកន្លែងទំនេរអោយកីឡាករដែលទើបតែចូលថ្មី ។ ខ្សែបម្រើស្លាបសញ្ជាតិម៉ារ៉ុក Hakim Ziyech បានស្ថិតនៅក្នុងចំណោមកីឡាករដែលត្រូវលក់ចេញ ។ កីឡាកររូបនេះកៀកនឹងផ្លាស់ចេញពី Stamford Bridge ទៅហើយ ប៉ុន្តែការផ្លាស់ប្តូរខ្ចីជើងទៅក្លឹបយក្សបារាំង Paris Saint-Germain បានដួលរលំនៅវិនាទីចុងក្រោយ ។
ហើយក្លឹបអាចនឹងដាក់លក់រូបគេម្តងទៀតនៅទីផ្សារដោះដូរលើកក្រោយ ។ ខ្សែបម្រើស្លាប Christian Pulisic ក៏អាចត្រូវបានលក់ផងដែរ បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវបានល្អ ។ ដោយឡែកកីឡាករមួយចំនួនផ្សេងទៀតដូចជា Callum Hudson-Odoi, Aubameyang, Mateo Kovacic និងខ្សែរការពារ Kalidou Koulibaly ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញផងដែរ ។