NEWS
Harry Maguire ពីមុនត្រឡប់មកវិញហើយយប់មិញនេះជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតថែមទៀតផង
2023-10-22 01:10:42
ក្រុមបិសាចក្រហម Manchester United បានប្រកួតយកឈ្នះក្រុម Sheffield United ដោយលទ្ធផល 2-1 ក្នុងក្របខ័ណ្ឌ English Premier League កាលពីយប់មិញដែលធ្វើឲ្យហ្វេនៗរបស់ពួកគេមានការសប្បាយចិត្តជាខ្លាំង។ គ្រាប់បាល់ម្នាក់មួយគ្រាប់របស់កីឡាករ Scott McTpminay និង Diogo Dalot ល្មមគ្រប់គ្រាន់ឲ្យពួកគេឈ្នះការប្រកួតពីរលើកជាប់ៗគ្នាផងដែរ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនៅក្នុងការប្រកួតនេះគឺ កីឡាករដែលតែងតែត្រូវបានគេរិះគន់ពាក់ព័ន្ធនិងទម្រង់លេងរបស់គាត់ជារឿយៗគឺ Harry Maguire បានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត Man Of The Match ថែមទៀតផង។ ស្ថិតិដែលគាត់ធ្វើបានក្នុងការប្រកួតយប់មិញនេះរួមមាន ជាកីឡាករដែលប៉ះបាល់បានច្រើនជាងគេក្នុងការប្រកួតនេះរហូតដល់ទៅ 104 ដង។ ដណ្តើមបាល់បានពីគូប្រកួតដោយជោគជ័យ 100% ។ បញ្ជូនបាល់ដោយជោគជ័យច្រើនជាងគេចំនួន 76 លើក។ នាំលេងរក្សាបាល់មិនឲ្យខូចចំនួន 08 លើក។ ប្រជែងបាល់លើអាកាសមួយទល់និងមួយបានជោគជ័យចំនួន 05 លើក។
រារាំងការស៊ុតពីដៃគូបានសម្រេច 03 លើក និងទាត់បាល់ផ្តាច់ចេញពីមុខទីបាន 03 ដងផងដែរ។ ជុំវិញការឈ្នះ Man Of The Match នេះដែរ គ្រូបង្វឹករបស់គាត់លោក Erik Ten Hag បានលើកឡើងថា ខ្ញុំគិតថាពានរង្វាន់មួយនេះពិតជាសាកសមជាមួយ Maguire ខ្លាំងមែនទែន ថ្ងៃនេះគាត់ពិតជាលេងបានល្អណាស់ ខ្ញុំសប្បាយចិត្តដែលគាត់បង្ហាញទម្រង់លេងបែបនេះ ហើយយើងទាំងអស់គ្នារីករាយនិងជ័យជម្នះដែលយើងធ្វើបានយប់នេះ។ គួរឲ្យដឹងផងដែរថា ក្រោយទទួលជ័យជម្នះយប់មិញនេះ Manchester United ទទួលបាន 03 ពិន្ទុបន្ថែម មានពិន្ទុសរុប 15 ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ 08 ក្នុងតារាង Premier League បន្ទាប់ពីឆ្លងកាត់ 09 ប្រកួតកន្លងមកឈ្នះ 05 និងចាញ់ 04 ប្រកួត ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport