Lamine Yamal ឈ្នះពានរង្វាន់ដែលគ្មានកីឡាករណាធ្លាប់ឈ្នះពីមុនមក
2023-11-19 10:11:36
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ក្លឹប Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញបានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតកាលពីថ្ងៃសុក្រ នៅពេលដែលគាត់បានក្លាយជាអ្នកទទួលពានរង្វាន់ “The Youngest” ដំបូងគេនៅក្នុងពិធីប្រគល់ពាន Golden Boy នៅឆ្នាំនេះ។
ក្មេងជំទង់រូបនេះបានបំបែកកំណត់ត្រាស្ទើរតែរៀងរាល់សប្តាហ៍នៅក្នុងឆ្នាំនេះ Lamine Yamal បានក្លាយជាកីឡាករក្មេងបំផុតមិនធ្លាប់មានរបស់ Barcelona ក្នុងខែមេសាបន្ទាប់ពីប្រកួតជាមួយ Real Betis ក្នុងអាយុ 15 ឆ្នាំ 09 ខែ និង 16 ថ្ងៃ។ បួនខែក្រោយមកគាត់បានក្លាយជាកីឡាករក្មេងបំផុតដែលចាប់ផ្តើមការប្រកួត Champions League នៅអាយុ 16 ឆ្នាំ និង 83 ថ្ងៃ ដោយបានផ្តួលម្ចាស់កំណត់ត្រាចាស់កីឡាករ Celestine Babayaro ។ គាត់ក៏បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតមិនធ្លាប់មានរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានបំបែកកំណត់ត្រារបស់ Gareth Bale ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងការប្រកួតជម្រុះជើងឯកទ្វីបអឺរ៉ុប UEFA EURO ផងដែរ។
បន្ទាប់ពីមានឆ្នាំដ៏គួរឱ្យចងចាំ កាលពីរសៀលថ្ងៃសុក្រ Lamine Yamal ត្រូវបានគេប្រគល់ពានរង្វាន់ “កីឡាករឆ្នើមក្មេងបំផុត” ឫអាចហៅម្យ៉ាងទៀតថា “The Youngest” នៅក្នុងពិធីប្រគល់ពានរង្វាន់ Golden Boy ប្រចាំឆ្នាំដែលបានទៅលើកីឡាករ Jude Bellingham របស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់ “The Youngest” នេះគឺជាលើកទីមួយហើយដែលគេផ្តល់ជូនកីឡាករវ័យក្មេងឆ្នើមជាងគេបន្ទាប់ពីពានរង្វាន់ Golden Boy ហើយកីឡាករដែលបើកទំព័រប្រវត្តិសាស្ត្រឈ្នះពាននេះមុនគេបង្អស់គឺកីឡាករ Lamine Yamal នេះឯង ៕