លោក Erik Ten Hag បានពោលពាក្យបែបនេះក្រោយបក្សបិសាចហាក់អស់ឱកាសឡើងទៅជុំបន្ត
2023-11-30 02:11:09
ក្រុមបិសាចក្រហម Manchester United ហាក់បីដូចជាអស់ឱកាសក្នុងការឡើងទៅជុំបន្តហើយ បន្ទាប់ពីភ្លាត់ស្មើក្រុម Galatasaray 3-3 កាលពីរាត្រីយប់មិញនេះ ។ ជាការពិតបិសាចក្រហមបាននាំមុខមុន 3-1 ទៅហើយ តែផ្ទុយទៅវិញ Galatasaray បាន comeback 3-3 ធ្វើអោយឱកាសក្នុងការឡើងទៅជុំបន្តហាក់មើលលែងឃើញខណៈដែលជុំចុងក្រោយពួកគេត្រូវតតាំងក្រុមខ្លាំង Bayern Munich ។
ថ្លែងទៅកាន់ TNT Sport លោក Erik Ten Hag បាននិយាយថា “ខ្ញុំទទួលខុសត្រូវចំពោះរឿងនេះ ពួកយើងដឹងថាយើងកំពុងតែស្ថិតនៅក្នុងគម្រោងមួយ យើងកំពុងតែធ្វើអោយប្រសើរឡើង យើងនៅតែមានសង្ឃឹមនៅឡើយ ពួកយើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ខ្ញុំដឹងថាយើងនឹងទទួលបានជោគជ័យក្នុងរយៈពេលវែង ប៉ុន្តែប្រសិនបើអ្នកចង់បន្តលេងនៅ Champions League អ្នកត្រូវការឈ្នះការប្រកួតដែលនៅសល់ ។”
លោកបានបន្តទៀតថា “យើងបាននាំមុខទៅហើយ តែបែរជាភ្លាត់វិញ ជាការពិតយើងគួរតែយកបានបីពិន្ទុ ខ្ញុំពេញចិត្តចំពោះរបៀបដែលក្រុមបានលេង តែខ្ញុំត្រូវតែរិះគន់ចំពោះការការពាររបស់ពួកគេ ព្រោះវាមិនទាន់ល្អគ្រប់គ្រាន់ទេ យើងបាននាំមុខ 3-1 ទៅហើយ កំហុសមួយនេះពិតជាមិនអាចទទួលយកបានទេ ព្រោះវាបានកែប្រែវាសនារបស់ក្រុម” ។ គួរអោយដឹងផងដែរថាបិសាចក្រហមនៅសល់ឱកាសចុងក្រោយមួយក្នុងការឡើងទៅជុំបន្ត ចំពោះករណីនេះពួកគេត្រូវតែយកឈ្នះ Bayern Munich នៅជុំចុងក្រោយដាច់ខាត និងតម្រូវអោយ Galatasaray ប្រកួតស្មើគ្នាទល់នឹង Copenhagen តែយ៉ាងណាក៏ដោយលក្ខ័ណ្ឌមួយនេះហាក់ពិបាកកើតឡើងខ្លាំងណាស់ ។