តើរបួសរបស់ Neymar ត្រូវពន្យាដល់ពេលណា ?
2023-03-07 10:03:37
អ្នកចាត់ការ Christophe Galtier បានបញ្ជាក់រួចមកហើយថា កីឡាករ Neymar នឹងត្រូវសម្រាកព្យាបាលបន្ទាប់ពីរងរបួសក្នុងការប្រកួតដែលបានយកឈ្នះ 4-3 លើក្រុម Lille កាលពីខែកុម្ភៈ ប៉ុន្តែមិនមានការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការជាសះស្បើយនោះទេ ។ យ៉ាងណាមិញឥឡូវនេះ PSG បានបញ្ជាក់ថា របួសរបស់គេកាន់តែធ្ងន់ធ្ងរ ហើយ Neymar នឹងត្រូវការការវះកាត់ ។
ជាមួយគ្នានេះសេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា “Neymar Jr ធ្លាប់រងរបួសជាច្រើននៅកជើងខាងស្តាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ បន្ទាប់ពីរបួសចុងក្រោយរបស់គាត់កាលពីថ្ងៃទី 20 ខែកុម្ភៈ បុគ្គលិកពេទ្យរបស់ Paris Saint-Germain បានផ្តល់អនុសាសន៍ឱ្យធ្វើការវះកាត់ដើម្បីជៀសវាងហានិភ័យធំ។ អ្នកជំនាញទាំងអស់ត្រូវបានពិគ្រោះដើម្បីបញ្ជាក់ពីបញ្ហាទាំងអស់នេះ ។ ការវះកាត់នេះនឹងត្រូវបានអនុវត្តនៅប៉ុន្មានថ្ងៃខាងមុខនៅមន្ទីរពេទ្យ ASPETAR ក្នុងទីក្រុងដូហា ។
ការពន្យាពេលត្រូវបានរំពឹងថាចន្លោះពី 3 ទៅ 4 ខែដែលនឹងធ្វើអោយរូបគេនឹងត្រូវអវត្តមានគ្រប់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ”។ គួរអោយដឹងផងដែរថា Neymar រកបាន 18 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 17 ដងក្នុង 29 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែឥឡូវនេះវាហាក់ដូចជាគាត់នឹងមិនមានឱកាសធ្វើវាបន្ថែមវាទេ ។