Bayern Munich កំពុងតែចង់នាំយកដៃគូថ្មីមួយរូបនេះសម្រាប់ Harry Kane
2024-01-03 10:01:42
កីឡាករ Serhou Guirassy កំពុងតែបង្ហាញទម្រង់លេងបានល្អជាខ្លាំងសម្រាប់ក្រុម Stuttgart ក្នុងក្របខណ្ឌ Bundesliga។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ រកគ្រាប់បាល់បានចំនួន ១៧ គ្រាប់ហើយក្នុងរដូវកាលនេះ ស្របពេលកីឡាករ Harry Kane គឺជាកីឡាករតែម្នាក់គត់ដែលនាំមុខគ្រាប់បាល់លើកីឡាកររូបនេះ។ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាក្រុម Bayern Munich កំពុងតែចូលរួមប្រជែងជាមួយក្រុមធំៗផ្សេងទៀត ដើម្បីទិញយកកីឡាកររូបនេះក្នុងតម្លៃខ្លួន ១៧.៥ លានអឺរ៉ូ។
ក្រុមផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប ដែលកំពុងចាប់អារម្មណ៍លើកីឡាករ Serhou Guirassy រួមមានក្រុម Manchester United ក្រុម Newcastle United និងក្រុម Tottenham Hotspur ដែលសុទ្ធសឹងតែជាក្រុមដែលចង់នាំយកខ្សែប្រយុទ្ធរូបនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ក្រុម Stuttgard ក៏ព្យាយាមចង់បន្តកុងត្រាជាមួយកីឡាកររូបនេះផងដែរ ប៉ុន្តែត្រូវបានខាងសាមីខ្លួនបដិសេធ។
កីឡាករ Serhou Guirassy បាននិយាយទាក់ទងនឹងអនាគតរបស់រូបគេថា៖ ខ្ញុំមិនអាចលាក់បាំងរឿងទាំងនេះឡើយ។ គ្រប់គ្នាសុទ្ធតែដឹងថា Premier League គឺជាក្របខណ្ឌមួយក្នុងចំណោមក្របខណ្ឌជាច្រើនទៀតក្នុងពិភពលោក ដែលមានការប្រកួតប្រជែងខ្ពស់។ ប៉ុន្តែ ពេលនេះខ្ញុំនឹងលែងបដិសេធទៀតឡើយ មានក្រុមធំៗជាច្រើនក្នុងតំបន់អឺរ៉ុប មិនត្រឹមតែក្រុមក្នុងក្របខណ្ឌ Premier League ឡើយ។ នៅ Stuttgard ពួកយើងមានក្រុមមួយដ៏ល្អ ហើយអ្វីៗក៏អាចកើតឡើងបានក្នុងពិភពបាល់ទាត់។ ប្រសិនបើពួកយើងបន្តរក្សាគោលជំហររបស់ពួកយើងឱ្យបានល្អ ពួកយើងនឹងមានឱកាសល្អ។
លោក Thomas Tuchel គ្រូបង្វឹកក្រុម Bayern Munich បញ្ជាក់ថាក្លិបកំពុងតែធ្វើការលើការចុះកុងត្រាកីឡាករថ្មីក្នុងខែមករានេះ ដោយលោកចង់បានយ៉ាងហោចណាស់ក៏ ២ នាក់ដែរ។ កីឡាករ Bayern Munich នឹងព្យាយាមយកកីឡាករ Serhou Guirassy ប៉ុន្តែកីឡាកររូបនេះក៏កំពុងរង់ចាំមើលក្រុមធំៗជាច្រើន ដែលចាប់អារម្មណ៍លើរូបគេផងដែរ៕