គ្រាន់តែអញ្ចឹងសោះក្លឹប Al-Nassr ត្រូវរងពិន័យអស់លុយជាង 5000$
2024-01-05 09:01:42
ក្លឹប Al-Nassr ត្រូវបានគណៈកម្មការ Saudi Pro League ផាកពិន័យជាទឹកប្រាក់ចំនួន 5066$ បន្ទាប់ពីពួកគេបានធ្វើខុសបទបញ្ញត្តិរបស់លីគក្នុងការប្រកួតទល់និងក្លឹប Al-Taawoun កាលពីថ្ងៃទី30 ខែធ្នូ ឆ្នាំ2023 កន្លងទៅ។
សម្រាប់ការពិន័យមួយនេះគឺបណ្តាលមកពីកីឡាកររបស់ក្លឹប Al-Nassr បានដើរចូលមកកាន់ទីលានវិញយឺតនៅវគ្គទីពីរបន្ទាប់ពីសម្រាកវគ្គទីមួយ ដែលត្រូវបានគណៈកម្មាការលីគវិនិច្ឆ័យថាកីឡាកររបស់ក្លឹប Al-Nassr បានខ្ជះខ្ជាយពេលវេលាធ្វើឲ្យការប្រកួតចំណាយពេលយូរ។
ជាលទ្ធផលសម្រាប់កំហុសស្រាលមួយនេះក្លឹប Al-Nassr ផ្ទាល់ត្រូវបង់លុយសម្រាប់ការផាកពិន័យទៅកាន់លីគចំនួន 5066$ សហរដ្ឋអាមេរិក។ គួររំលឹកផងដែរថាសម្រាប់ការប្រកួតនោះក្លឹប Al-Nassr បានយកឈ្នះក្លឹប Al-Taawoun ដោយលទ្ធផល 4-1 ក្នុងនោះ Cristiano Ronaldo ក៏រកបានមួយគ្រាប់ផងដែរនៅចុងម៉ោងដើម្បីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំឆ្នាំ 2023 ៕