NEWS
Man City គ្រោងប្រជែងជាមួយ Man Utd និង Liverpool យកកីឡាករមួយរូបនេះ
2024-01-09 10:01:21
យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថា ក្រុម Manchester City កំពុងរង់ចាំរហូតដល់ទីផ្សារដោះដូររដូវក្តៅឆ្នាំ២០២៤ ដើម្បីចុះកុងត្រាយកកីឡាករ Joshua Kimmich ពីក្រុម Bayern Munich ស្របពេលកីឡាកររូបនេះមិនបន្តកុងត្រាថ្មីជាមួយក្រុម Bayern Munich ឡើយ។ ព័ត៌មានចចាមអារ៉ាមដូចគ្នាបាននិយាយថា ក្រុម Bayern Munich ចង់បានយ៉ាងហោចណាស់ ៥០ លានផោនសម្រាប់កីឡាកររូបនេះ ប៉ុន្តែប្រសិនបើពួកគេរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាកររដូវក្តៅនោះ មានន័យថាកុងត្រារបស់កីឡាករ Joshua Kimmich នឹងត្រូវសល់តែ ១ ឆ្នាំ ហើយពួកគេនឹងត្រូវកាត់បន្ថយតម្លៃខ្លួនមកត្រឹម ២៥ លានផោនប៉ុណ្ណោះ។
ក្រុម Manchester City ជឿជាក់យ៉ាងមុតមាំថាពួកគេនឹងចុះកុងត្រាយកកីឡាករ Joshua Kimmich បាន ដោយក្រុមផ្សេងៗដែលកំពុងចាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នានោះរួមមានក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool។ សូម្បីតែក្រុម Barcelona ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក៏ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ ២៨ ឆ្នាំនេះផងដែរ។ បើទោះបីជាក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool ចាប់អារម្មណ៍លើកីឡាករ Joshua Kimmich ក្តី ក៏គេនៅជឿជាក់ថាក្រុម Manchester City នឹងឈ្នះក្នុងការប្រជែងមួយនេះ ដោយសារតែកីឡាករ Joshua Kimmich ធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola។
គួរបញ្ជាក់ផងដែរថា ក្រុមមេឃខៀវ Manchester City បានកក់កៅអីពានរង្វាន់ FA Cup ជុំទី៤ បន្ទាប់ពីបានយកឈ្នះលើក្រុម Huddersfield ដោយលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យ។ ពួកគេនឹងបន្តដំណើររបស់ខ្លួនទៅលេងជាមួយក្រុម Newcastle United ក្នុងក្របខណ្ឌ Premier League នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport