NEWS
អតីតមិត្តរួមក្រុម Messi មួយរូបទៀត អាចនឹងចូលរួមជាមួយ Inter Miami
2024-01-10 11:01:03
ក្រុម Inter Miami ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងតែពង្រឹងក្រុមកាន់តែខ្លាំងជាងមុន បន្ទាប់ពីមានការចូលរួមពីអតីតសមាជិកក្រុម Barcelona កីឡាករ Lionel Messi កីឡាករ Sergio Busquets កីឡាករ Jordi Alba និងកីឡាករ Luis Suarez។ ព័ត៌មានចចាមអារ៉ាមក៏បន្ថែមទៀតដែរថា ក្រុម Inter Miami នឹងបន្តនាំចូលអតីតកីឡាកររបស់ក្រុម Barcelona ជាបន្តទៀត។
កីឡាករ Sergi Roberto ក៏ស្ថិតក្នុងពាក្យចចាមអារ៉ាម ដែលរូបគេនឹងចូលរួមជាមួយក្រុម Inter Miami ស្របពេលថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថាកីឡាករសសញ្ជាតិប្រេស៊ីល Philippe Coutinho នឹងក្លាយជាអ្នកចូលរួមបន្ត។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះកំពុងតែត្រូវបានក្រុម Al Duhail ខ្ចីជើងពីក្រុម Aston Villa ក្នុងរដូវកាល ២០២៣-២៤ នេះ។
កីឡាករ Philippe Coutinho ក៏កំពុងតែមានផលលំបាកក្នុងការលេងនៅទឹកដីមជ្ឈឹមបូព៌ាផងដែរ ដោយរូបគេទើបលេងសរុបបានត្រឹម ៤១៩ នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ។ យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ដោយសារតែកត្តាទាំងនេះហើយ ដែលអាចធ្វើឱ្យកីឡាករ Philippe Coutinho ផ្លាស់ក្រុមក្នុងខែមករា ឆ្នាំ២០២៤ នេះ។ ប្រសិនបើកីឡាករ Philippe Coutinho អាចផ្តាច់កុងត្រាជាមួយក្រុមនៅប្រទេសកាតាមួយនេះ រូបគេអាចនឹងបន្តទៅលេងនៅក្រុម Inter Miami ស្របពេលក្រុម LA Galaxy ក៏ចាប់អារម្មណ៍លើរូបគេដូចគ្នា។
កីឡាករ Philippe Coutinho បានចំណាយពេល ៣ រដូវកាលលេងនៅក្រុម Barcelona ជាមួយកីឡាករ Lionel Messi បន្ទាប់ពីរូបគេផ្លាស់ចេញពីក្រុមហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ១០៥ លានផោនកាលពីឆ្នាំ២០១៨។ យ៉ាងណាមិញ ទម្រង់លេងរបស់គេបានធ្លាក់ចុះជាខ្លាំងក្នុងអំឡុងពេលលេងនៅក្រុម Barcelona ដោយបង្ហាញខ្លួនបានត្រឹម ១០៦ ប្រកួតប៉ុណ្ណោះក្នុងអំឡុងពេល ៤ ឆ្នាំនៅក្របខណ្ឌ La Liga។ ប៉ុន្តែរូបគេអាចនឹងមានវាសនាបានលេងជាមិត្តរួមក្រុមជាមួយកីឡាករ Lionel Messi ជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport