លោក Thomas Tuchel បន្ទោសក្រុម Bayern Munich ដោយសាររឿងមួយនេះ
2024-01-23 10:01:21
លោក Thomas Tuchel គ្រូបង្វឹកក្រុម Bayern Munich ខឹងជាខ្លាំងក្រោយពីក្រុម Bayern Munich បរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Werder Bremen ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យនេះ។ គ្រាប់បាល់បញ្ចូលទីកើតចេញពីកីឡាករ Mitchell Weiser របស់ក្រុម Werder Bremen នៅតង់ទី២ បើទោះបីជាក្រុម Bayern Munich គ្រប់គ្រងបាល់បានច្រើនយ៉ាងណាក្តី ក៏ពុំអាចទម្លុះសំណាញ់ទីរបស់ក្រុម Werder Bremen បានឡើយ។ កីឡាករ Harry Kane ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឯទៀត ដែលធ្វើពុំបានល្អឡើយ ក្នុងការប្រកួតមួយនេះ។
លោក Thomas Tuchel បាននិយាយថា៖ ៧០ នាទីដំបូងនៃការប្រកួត យើងលេងពុំបានល្អឡើយ មិនស័ក្តិសមជាក្រុមដែលចង់ឈ្នះពានទាល់តែសោះ។ ជ័យជំនះនេះពិតជាស័ក្តិសមណាស់សម្រាប់ក្រុម Werder។ ពួកយើងបាត់បងឱកាសសម្រុក និងការគ្រប់គ្រងបាល់ជាច្រើន។ កម្លាំងនៃការលេងរបស់ពួកយើងគឺតិចមែនទែន។ ការលេងរបស់យើងមានភាពច្របូកច្របល់ និងមិនគ្រប់គ្រាន់នោះឡើយ។ ខ្ញុំមិនអាចពន្យល់នោះឡើយ ថាហេតុអ្វីបានជាកីឡាករមួយចំនួនមិនអាចបង្ហាញទម្រង់លេងបានល្អដូចពេលកំពុងហ្វឹកហាត់។
លទ្ធផលដ៏គួរឱ្យខកចិត្តមួយនេះ បានដាក់បន្ទុកក្រុម Bayern Munich បន្ថែមទៀត ស្របពេលដែលពួកគេកំពុងតែព្យាយាមតាមពីក្រោយក្រុមលេខ១ ក្នុងតារាង Bayer Leverkusen។ ក្រុម Bayer Leverkusen ដែលដឹកនាំដោយលោក Xabi Alonso កំពុងឈរនៅលេខ១ តាមពីក្រោយដោយក្រុម Bayern Munich រហូតដល់ទៅ ៧ ពិន្ទុ ដោយក្រុម Bayern Munich សល់មួយប្រកួតក្នុងដៃ។ លោក Thomas Tuchel សង្ឃឹមថាក្រុមរបស់លោកនឹងលេងបានល្អឡើងវិញក្នុងការប្រកួតបន្ទាប់ ដោយក្រុម Bayern Munich មានភារកិច្ចលេងប៉ះក្រុម Union Berlin ក្នុងក្របខណ្ឌ Bundesliga នាថ្ងៃពុធនេះ ស្របពេលក្រុម Bayer Leverkusen នឹងត្រូវប៉ះគ្នាជាមួយក្រុម Borussia Monchengladbach៕