ក្លឹប Man City អាចនឹងធ្លាក់ទៅលេងលីគទី២ ដោយសារបញ្ហាមួយនេះ
2024-01-23 11:01:27
ក្លិបបាល់ទាត់ Manchester City កំពុងប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនពីបទរំលោភលើបទប្បញ្ញត្តិហិរញ្ញវត្ថុ បន្ទាប់ពីការស៊ើបអង្កេតដោយក្របខណ្ឌ Premier League ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨។ ការចោទប្រកាន់ ដែលប្រកាសកាលពីឆ្នាំមុន គឺសំដៅទៅលើការស៊ើបអង្កេតរឿងរ៉ាវចាប់តាំងពីឆ្នាំ២០០៩ ហើយលោក Stefan Borson ដែលជាអតីតទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្លិប Manchester City បាននិយាយថាក្លិប Manchester City អាចនឹងទទួលទោសធ្ងន់ដូចគ្នា ប្រសិនបើភ្នាក់ងារស៊ើបអង្កេតរកឃើញកំហុសដូចការចោទប្រកាន់។
លោក Stefan Borson បានប្រាប់សារព័ត៌មាន talkSPORT ថា៖ ការចោទប្រកាន់កំពុងស្ថិតក្នុងកម្រិតខ្ពស់មួយទៀត។ ប្រសិនបើការចោទប្រកាន់នោះត្រឹមត្រូវ ពួកគេអាចនឹងប្រឈមមុខនឹងការកាត់ចោលពីក្របខណ្ឌ Premier League។ មានពាក្យចចាមអារ៉ាមអំពីរឿងមួយនេះ ដែលកើតឡើងអស់រយៈពេល ១០ ឆ្នាំរួចមកហើយ។ ពាក្យចចាមអារ៉ាមបានលើកឡើងថា ការឧបត្ថម្ភធំរបស់ក្លិប Manchester City មិនមែនចន្លោះពី ៥០ ទៅ ៦០ លានផោនឡើយ ប៉ុន្តែត្រឹម ៨ លានផោនប៉ុណ្ណោះ ហើយរឿងទាំងមូលគឺជាការបោកប្រាស់ និងមានអ្នកពាក់ព័ន្ធជាច្រើនបានកុហកពីរឿងនេះ។ មានអ្នកពាក់ព័ន្ធមកពីក្រុមហ៊ុនជាច្រើនចូលដៃក្នុងរឿងនេះ។ ក្លិបផ្ទាល់ក៏បានកុហកទៅលើភាគី អ្នកជំនាញ និងមនុស្សជាច្រើន។ ទាំងនេះសុទ្ធតែពាក្យចចាមអារ៉ាម ហើយប្រសិនបើការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះជាការពិតនោះ គ្មានអ្នកណាអាចប្រកែកបានឡើយលើការពិន័យមួយនេះ។
ក្លិបបាល់ទាត់ Everton ត្រូវបានក្របខណ្ឌ Premier League ដក ១០ ពិន្ទុរួចមកហើយ។ ពួកគេក៏អាចនឹងត្រូវរងការពិន័យជាបន្តទៀត ក៏ដូចជាក្រុម Nottingham Forest ប្រសិនបើការស៊ើបអង្កេតរកឃើញកំហុសណាមួយរបស់ក្លិបបាល់ទាត់ទាំងពីរ។ ចំពោះក្លិប Manchester City វិញ ពួកគេអាចនឹងទទួលបានព័ត៌មានពីក្រុមការងារ Premier League ក្នុងពេលឆាប់ៗនេះ ស្របពេលនាយកប្រតិបត្តិលោក Richard Masters បដិសេធមិនបង្ហើបពីថ្ងៃប្រកាសរបស់ Premier League ឡើយ។ ក្លិបបាល់ទាត់ Manchester City នឹងត្រូវរង់ចាំចំពោះរឿងក្តីរបស់ពួកគេ ដើម្បីដឹងពីជោគវាសនាបន្ទាប់ ស្របពេលឥឡូវនេះ ក្រុមទាំងមូលនឹងត្រូវផ្តោតទៅលើការប្រជែងជាមួយពានរង្វាន់ធំៗ និងការប្រកួតទល់នឹងក្រុម Tottenham Hotspur ក្នុងពានរង្វាន់ FA Cup នៅសប្តាហ៍ក្រោយ៕