Salah ត្រូវធ្វើដំណើរមកកាន់ Liverpool វិញ ដោយសាររឿងនេះ
2024-01-24 11:01:58
កីឡាករ Mohamed Salah ត្រូវបានរងរបួសក្នុងជំនួបដែលក្រុមជម្រើសជាតិអេហ្ស៊ីបប៉ះគ្នាជាមួយក្រុមជម្រើសជាតិហ្គាណា ក្នុងលទ្ធផល ២-២ នៃពានរង្វាន់ Africa Cup of Nations ដោយរូបគេអាចនឹងមិនបង្ហាញខ្លួនទៀតឡើយ ក្នុងពានរង្វាន់មួយនេះ។ ក្រុមជម្រើសជាតិអេហ្ស៊ីបបានបញ្ជាក់ថា កីឡាករ Mohamed Salah មានរបួសសាច់ដុំ និងត្រូវធ្វើដំណើរទៅកាន់ទឹកដី Anfield វិញ ដើម្បីព្យាបាល។
ប្រសិនបើក្រុមជម្រើសជាតិអេហ្ស៊ីបមានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ Mohamed Salah អាចនឹងជាសះស្បើយទាន់ពេលវេលានោះ រួចគេនឹងត្រឡប់មកជួយក្រុមជម្រើសជាតិអេហ្ស៊ីបវិញ។ លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បាននិយាយថា៖ ប្រសិនបើរូបគេជាសះស្បើយទាន់ពេលវេលានោះ ច្បាស់ណាស់រូបគេនឹងត្រឡប់ទៅវិញ។
លោក Jurgen Klopp និងក្រុម Liverpool សង្ឃឹមថាកីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងជាសះស្បើយបានលឿន និងត្រឡប់មកជួយក្រុមវិញ។ ក្រុម Liverpool ក៏បានបង្ហាញទម្រង់លេងបានយ៉ាងល្អផងដែរទៅលើក្រុម Bournemouth បើទោះបីជាអវត្តមានកីឡាករ Mohamed Salah ក្តី ដោយក្រុម Liverpool បានយកឈ្នះក្រុម Bournemouth ក្នុងលទ្ធផល ៤-០ តាមរយៈការរកគ្រាប់បាល់ដោយកីឡាករ Diogo Jota និងកីឡាករ Darwin Nunez ម្នាក់ ២ គ្រាប់កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ផងដែរថា កីឡាករ Mohamed Salah នឹងធ្វើដំណើរមកព្យាបាលនៅប្រទេសអង់គ្លេសវិញ ស្របពេលដែលក្រុមជម្រើសជាតិអេហ្ស៊ីប នឹងមានការប្រកួតបញ្ចប់វគ្គចែកពូលដោយត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិ Cape Verde។ រីឯក្រុមហង្សក្រហម Liverpool វិញ នឹងមានភារកិច្ចប៉ះក្រុម Fulham ក្នុងពានរង្វាន់ Carabao Cup៕