NEWS
កីឡាករ Sancho និង Antony ទំនងជាផ្លាស់ទៅលេងនៅទីនេះ
2024-01-24 11:01:15
ក្រុមបិសាចក្រហម Manchester United បានចំណាយលុយរហូតដល់ទៅ ១៥៥ លានផោន ដើម្បីនាំចូលកីឡាករ Jadon Sancho និងកីឡាករ Antony ប៉ុន្តែរូបគេទាំងពីរហាក់បីដូចជាធ្វើពុំបានល្អឡើយ។ កីឡាករ Jadon Sancho ត្រូវបានដាក់ពិន័យមិនឱ្យចូលរួមជាមួយឈុតធំរបស់ក្រុម Manchester United ឡើយ បន្ទាប់ពីមានទំនាស់ជាមួយលោក Erik ten Hag និងត្រូវបានដាក់ឱ្យខ្ចីជើងទៅកាន់ក្រុម Borussia Dortmund។ ចំពោះកីឡាករ Antony វិញ រូបគេពុំអាចរកគ្រាប់បាល់ ឬប៉ះបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីឡើយតាមរយៈការបង្ហាញខ្លួន ២២ ដងក្នុងរដូវកាលនេះ។
ក្រុម Manchester United ទំនងជាត្រៀមលក់ចេញកីឡាករទាំងពីររូបនេះ ដើម្បីដោះស្រាយផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងវិនិយោគទៅលើអ្វីផ្សេង។ យោងតាម Evening Standard បានឱ្យដឹងថា ក្រុម Manchester United បានទាក់ទងទៅកាន់ក្លិបធំៗនៅប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះរឿងនេះ។ យ៉ាងណាមិញ ក្រុមជាច្រើននៅមជ្ឈិមបូព៌ា ដែលចំណាយលុយជាច្រើនកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន ទំនងជានឹងចំណាយតិចក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ ក្រុម Manchester United ក៏រំពឹងដែរថា នឹងលក់កីឡាករទាំងពីរចេញក្នុងតម្លៃខ្លួន ៥០ លានផោនម្នាក់ សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។
ក្លិបបាល់ទាត់ធំៗជាច្រើននៅក្របខណ្ឌប្រទេសអារ៉ាប៊ីសាអូឌីត កំពុងសម្លឹងឃើញកីឡាករកំពូលៗជាច្រើនរួមមានកីឡាករ Mohamed Salah កីឡាករ Kevin De Bruyne និងកីឡាករ Son Heung-min ស្របពេលកីឡាករ Casemiro និងកីឡាករ Raphael Varane ក៏ស្ថិតក្នុងការចាប់អារម្មណ៍ផងដែរ។ កីឡាករ Jadon Sancho ក៏ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅលេងឱ្យក្រុម Al Ettifaq ក្នុងខែមករា នេះផងដែរ ប៉ុន្តែត្រូវបានលោក Steven Gerrard បដិសេធក្នុងការចំណាយដល់ទៅ ៥០ លានផោនក្នុងកិច្ចព្រមព្រៀងមួយនេះ។ ក្រុម Manchester United ក៏សង្ឃឹមដែរថា កីឡាករ Jadon Sancho នឹងធ្វើបានល្អសម្រាប់ក្រុម Borussia Dortmund ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ លោក Erik ten Hag ក៏សង្ឃឹមដែរថា កីឡាករ Antony នឹងធ្វើបានល្អឡើងវិញ មុនបញ្ចប់រដូវកាលនេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport