កីឡាករ Jude Bellingham អាចនិងទទួលទោសបន្ទាប់ពីរូបគេបាននិយាយប្រមាថទៅកាន់កីឡាករ Mason Greenwood
2024-02-03 10:02:36
តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Jude Bellingham កំពុងតែត្រូវបាន Laliga តាមស៊ើបអង្កេត បន្ទាប់ពីរូបគេត្រូវបានគេសង្ស័យថាបាននិយាយមើលងាយទៅកាន់កីឡាករ Mason Greenwood កាលពីយប់មិញ។
គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid បានយកឈ្នះក្រុម Getafe ដោយលទ្ធផល 2-0 នៅក្នុងក្របខ័ណ្ឌ Laliga កាលពីយប់មិញ ខណៈពេលដែលកីឡាករ Jude Bellingham និងកីឡាករ Mason Greenwood ក៏បានប្រឈមមុខដាក់គ្នាផងដែរ។ យោងតាមរបាយការណ៍បានបង្ហាញមកថា Bellingham អាចនិងត្រូវបានព្យួរឈ្មោះពីការប្រកួតប្រសិនបើគេបានរកឃើញថាគាត់បានប្រព្រឹត្តិកំហុស។
ក្នុងនោះដែរបើតាមសារព័ត៌មាន Metro បានចុះផ្សាយថា Bellingham បាននិយាយពាក្យមិនសមរម្យទៅកាន់កីឡាករ Mason Greenwood ដែលមានន័យជាភាសាខ្មែរថា អាមនុស្សរំលោភគេ ដោយចង់ឌឺដងទៅកាន់ Greenwood រឿងដែលរូបគេធ្លាប់ជាប់ពាក់ព័ន្ធទៅនិងបទល្មើសរំលោភបំពានស្រ្តីកាលពីនៅក្លឹប Manchester United កន្លងទៅ។ យ៉ាងណាមិញ Jude Bellingham បច្ចុប្បន្នកំពុងតែត្រូវបាន Laliga តាមសើបអង្កេតនៅឡើយទេ មិនទាន់មានភ័ស្តុតាង 100% ថាគាត់ពិតជាបាននិយាយបែបនេះទៅកាន់ Mason Greenwood នោះទេ ៕