កីឡាករ Lisandro Martinez ផ្ញើសារបែបនេះ ក្រោយពីរងរបួសជង្គង់
2024-02-06 12:02:39
កីឡាករ Lisandro Martinez បានរងរបួសត្រង់ជង្គង់ បន្ទាប់ពីប្រជែងយកបាល់ជាមួយនឹងកីឡាករ Vladimir Coufal របស់ក្រុម West Ham ដែលធ្វើឱ្យរូបគេត្រូវប្តូរចេញ និងជំនួសមកវិញដោយកីឡាករ Raphael Varane។ កាលពីថ្ងៃចន្ទនេះ ក្លិបបាល់ទាត់ Manchester United បានបញ្ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាខ្សែការពាររូបនេះ នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨ សប្តាហ៍ ប៉ុន្តែរូបគេនឹងមិនត្រូវការការវះកាត់នោះឡើយ។
បន្ទាប់ពីក្លិបបាល់ទាត់ Manchester United បានបញ្ចេញសេចក្តីថ្លែងការណ៍ហើយរួចមក កីឡាករ Lisandro Martinez បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ ខ្ញុំសូមថ្លែងអំណរគុណដោយចេញពីចិត្តទៅកាន់អ្នកទាំងអស់គ្នា ដែលគាំទ្រ និងលើកទឹកចិត្តមកកាន់ខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងបានត្រឡប់មកវិញឆាប់ៗនេះ។
កាលពីដើមរដូវកាលកន្លងទៅ ខ្សែការពារសញ្ជាតិអាហ្សង់ទីនរូបនេះ បានអវត្តមានដល់ទៅ ៤ ខែបន្ទាប់ពីបញ្ហារបួសជើងរើឡើងក្នុងខែកញ្ញា ឆ្នាំ២០២៣។ កីឡាករ Lisandro Martinez បានត្រឡប់មកជួយក្រុមវិញកាលពីថ្ងៃទី១៤ ខែមករា ប៉ុន្តែពេលនេះរូបគេនឹងត្រូវអវត្តមានជាថ្មីម្តងទៀត ដោយរូបគេបានបង្ហាញខ្លួនត្រឹម ១០ ប្រកួតប៉ុណ្ណោះក្នុងគ្រប់កម្មវិធីនារដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United បានឈ្នះ ៣ ប្រកួតជាប់ៗគ្នាហើយ ដោយពួកគេនឹងត្រៀមខ្លួនប្រកួតជាមួយក្រុម Aston Villa ក្នុងលីគកំពូល Premier League នាថ្ងៃអាទិត្យនេះ៕