NEWS
កីឡាករ Bruno Guimaraes និយាយពីពាក្យចចាមអារ៉ាមជុំវិញការផ្ទេរទៅ Real Madrid និង Barcelona
2024-02-14 10:02:49
ខ្សែបម្រើសញ្ជាតិប្រស៊ីល Bruno Guimaraes បានចូលរួមជាមួយ Newcastle United ក្នុងតម្លៃខ្លួន 40 លានផោន ក្រោយការចាកចេញពី Lyon បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗជាច្រើនក៏ដោយ ។ ចាប់តាំងពីចូលរួមជាមួយក្លឹបនៅឆ្នាំ 2022 Guimaraes បានបង្កើតឥទ្ធិពលភ្លាមៗនៅ St James' Park ដោយរូបគេបានជួយអោយក្លឹបឈានដល់ចំណាត់ថ្នាក់កំពូលទាំងបួនកាលពីរដូវកាលមុន និងឡើងទៅលេងវគ្គជម្រុះ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល 20 ឆ្នាំចុងក្រោយ ។
ជាមួយនឹងទម្រង់លេងដ៏ល្អរបស់គេបានទាក់ភ្នែកក្លឹបធំៗជាច្រើនដូចជា Barcelona , Liverpool , Real Madrid , Manchester City និង Chelsea ជាដើម ។ បើទោះបីជាទើបតែបន្តកុងត្រាថ្មីជាមួយក្លឹបរយៈពេលប្រាំឆ្នាំទៀតក៏ដោយ ក៏ពាក្យចចាមអារ៉ាមនៅតែលេចឡើងចំពោះអនាគតរបស់គេនៅទឹកដី St James’ Park ដោយបានលេចឮថា Newcastle អាចនឹងបង្ខំចិត្តលក់រូបគេដើម្បីជៀសវាងការបំពានច្បាស់ហិរញ្ញវត្ថុ ។
ដើម្បីបញ្ចប់ភាពស្រពេចស្រពិល Guimaraes បានប្រាប់ Sky Sports ថា "ពេលខ្លះមនុស្សនិយាយច្រើនអំពីខ្ញុំ ហើយខ្ញុំនិយាយច្រើនតែពីបាល់ទាត់ទេ ។ ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ហើយខ្ញុំចូលចិត្តរបៀបដែលអ្នកគាំទ្រគិតមកលើខ្ញុំនៅទីនេះ ។ អោយពួកគេនិយាយចុះ ។ ខណៈដែលពួកយើងកំពុងព្យាយាមក្នុងការឆ្ពោះទៅលេងពានអ៊ឺរ៉ុបម្តងទៀត ។ ខ្ញុំដឹងថាវាពិបាក ប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានលេង Europa League ដែរ ។ ខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំនៅទីនេះ។ អ្នកគាំទ្រពិតជាអស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថាវាអាចបន្តបានយូរ” ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport