NEWS
Enzo Fernandez និយាយថា Chelsea នៅតែអាចលេង Champions League
2024-02-15 04:02:25
ទម្រង់លេងរបស់ក្រុមតោខៀវ Chelsea ហាក់បីដូចជាពុំសូវល្អក្នុងរដូវកាលនេះ ដោយសព្វថ្ងៃក្រុម Chelsea កំពុងតាមពីក្រោយក្រុមលេង ៤ រហូតដល់ទៅ ១៣ ពិន្ទុ។ ប៉ុន្តែ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនកីឡាករ Enzo Fernandez បាននិយាយថាក្រុម Chelsea នៅតែមានសង្ឃឹមទទួលបានកៅអី UEFA Champions League ក្នុងរដូវកាលនេះ។
បរាជ័យ ២ ដងជាប់គ្នានៅដើមខែនេះ ដោយចាញ់ក្រោមថ្វីជើងក្រុម Liverpool និងក្រុម Wolverhampton Wanderers បានធ្វើឱ្យក្រុម Chelsea ពុះពារឡើងវិញ និងបានយកឈ្នះទៅលើក្រុម Aston Villa ក្នុងការប្រកួតពានរង្វាន់ FA Cup និងទើបតែយកឈ្នះ ៣-១ ទៅលើក្រុម Crystal Palace ក្នុងលីគកំពូល Premier League កាលពីយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ។
ក្រុម Chelsea បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅច្រើនជាង ៤០០ លានផោន (៥០៦ លានដុល្លារអាមេរិក) នាទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន។ អ្វីដែលគួរឱ្យសោកស្តាយ គឺពេលនេះក្រុម Chelsea កំពុងឈរនៅលេខរៀងទី១០ នៃលីគកំពូល Premier League និងតាមពីក្រោយក្រុមលេខ ៤ Tottenham Hotspur រហូតដល់ទៅ ១៣ ពិន្ទុ។
កីឡាករ Enzo Fernandez បានប្រាប់សារព័ត៌មាន ESPN ថា៖ជ័យជំនះលើ Crystal Palace ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង។ សប្តាហ៍មក យើងក៏បានយកឈ្នះលើ Aston Villa ក្នុងពានរង្វាន់ FA Cup ដូចគ្នា។ ពួកយើងបានផ្លាស់ប្ដូរទម្រង់លេងបានប្រសើរជាងមុន ហើយជ័យជំនះទាំងនេះនឹងផ្តល់ជាទំនុកចិត្តមកកាន់ពួកយើងទាំងអស់គ្នា។ ក្នុងរដូវកាលនេះ ពួកយើងឈ្នះផងចាញ់ផង ពេលដែលលេងក្នុងលីគ ដែលជាហេតុធ្វើឱ្យពួកយើងពិបាកក្នុងការប្រជែងនៅចំណុចកំពូល។ ប៉ុន្តែ នៅសល់ពេលច្រើនទៀត ដែលពួកយើងក៏ជឿជាក់លើគ្នាជាមួយក្រុមថ្មីមួយនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃពួកយើងកំពុងតែអភិវឌ្ឍបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ពួកយើង ជាពិសេសពួកយើងចង់លេង Champions League នាឆ្នាំក្រោយនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Chelsea នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Manchester City ឆាប់ៗនេះ មុនពេលដែលពួកគេត្រូវប៉ះក្រុមហង្សក្រហម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport