NEWS
កីឡាករ Pulisic និង Vinicius Jr នឹងមានរឿងត្រូវនិយាយគ្នាឆាប់ៗខាងមុខនេះ
2024-02-16 01:02:54
សហរដ្ឋអាមេរិក នឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2024 ស្របពេលក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវការពារដំណែងជើងឯករបស់ខ្លួន។ លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក ជឿជាក់ថាក្រុមរបស់លោកនឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែលោកក៏ត្រូវតែប្រាកដថាក្រុមរបស់លោកទាំងមូលត្រូវតែមានទំនុកចិត្តលើខ្លួនឯង។
ព័ត៌មានក៏បានចុះផ្សាយដែរថា ក្រុមជម្រើសជាតិអាមេរិក នឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតមិត្តភក្តិនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន FedEx Field។ យោងតាមសារព័ត៌មាន Washington Post បានឱ្យដឹងថាក្រុមជម្រើសជាតិអាមេរិក នឹងបន្តប៉ះគ្នាជាមួយក្រុមជម្រើសជាតិប្រេស៊ីល ជាបន្តទៀតនៅរយៈពេល ៤ ថ្ងៃបន្ទាប់ពីការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកូឡុំប៊ី ប៉ុន្តែកីឡដ្ឋានសម្រាប់ការប្រកួតមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ លោក Gregg Berhalter នឹងរង់ចាំមើលនូវទម្រង់លេងក្រុមរបស់ខ្លួន ដោយលោកបាននិយាយថា៖ វាមិនសំខាន់នោះឡើយ ថាគូប្រកួតរបស់យើងពាក់ឯកសណ្ឋានពណ៌អ្វីនៅលើទីលាននោះ។ ពួកយើងត្រូវតែរំពឹងក្នុងការឈ្នះការប្រកួតរបស់យើង។ វាពិតជាងាយស្រួលណាស់ ដោយគ្រាន់តែនិយាយនោះ។ តែវាជាអ្វីដែលក្រុមយើងត្រូវតែធ្វើ ព្រោះថាយើងមិនទាន់ពង្រឹងទឹកចិត្តរបស់ពួកយើងបាននោះឡើយ។ ពេលដែលពួកយើងលេងប៉ះអាហ្សង់ទីន ឬ ប្រេស៊ីលក្តី ខ្ញុំចង់ឱ្យកូនក្រុមរបស់ខ្ញុំមានទំនុកចិត្តលើខ្លួនឯង ថាពួកគេអាចឈ្នះការប្រកួតនេះបាន។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអាមេរិក នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងនៃព្រឹត្តិការណ៍ Copa America 2024 របស់ខ្លួន ដោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិបូលីវី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤។ ពួកគេនឹងត្រូវបន្តប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប៉ាណាម៉ា និងអ៊ុយរូហ្គាយ ក្នុងពូល C ផងដែរ។ ក្រុមជម្រើសជាតិអាមេរិក នឹងត្រូវព្យាយាមបង្ហាញទម្រង់លេងឱ្យកាន់តែល្អ មុនពេលដែលពួកគេបន្តធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup 2026 ខាងមុខនេះជាមួយប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា៕​ ប្រភព៖ Washington Post
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport