ទៅរួចទេ? Mbappe អាចនឹងដើរតាមគន្លង Thierry Henry
2024-02-16 01:02:36
ស្របពេលដែលកុងត្រារបស់កីឡាករ Kylian Mbappe ជាមួយនឹងក្រុម Paris Saint-Germain ជិតបញ្ចប់នោះ កីឡាករ Kylian Mbappe បានក្លាយជាគោលដៅដ៏សំខាន់មួយនៃទីផ្សារដោះដូរកីឡាករខាងមុខ។ កាលពីឆ្នាំ២០២២ បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុម Real Madrid ក្តី កីឡាករ Kylian Mbappe នៅតែពុំទាន់សម្រេចចិត្តថាចូលរួមនោះឡើយ។ ព័ត៌មានជាច្រើនក៏នៅតែចុះផ្សាយថាក្រុម Real Madrid នៅតែចាប់អារម្មណ៍លើកីឡាកររូបនេះ ស្របពេលកីឡាករផ្ទាល់ក៏កំពុងតែគិតគូរពីជម្រើសផ្សេង ដែលជាក្លិបបាល់ទាត់នៅលីគកំពូល Premier League ផងដែរ។
យោងតាមសារព័ត៌មាន The Independent បានឱ្យដឹងថា ក្រុម Arsenal អាចក្លាយជាជម្រើសដ៏ធំមួយសម្រាប់កីឡាករ Kylian Mbappe ដោយសារតែកីឡាកររូបនេះចង់ដើរតាមគន្លងលោក Thierry Henry ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Arsenal។ ប៉ុន្តែ ក្លិបបាល់ទាត់ Paris Saint-Germain នៅតែជឿជាក់ថាកីឡាកររូបនេះនឹងជ្រើសរើសយកក្រុម Real Madrid។ គួរបញ្ជាក់ផងដែរថា កញ្ចប់ថវិកាដែលក្លិបបាល់ទាត់អធិរាជស Real Madrid ដាក់ស្នើទៅកាន់កីឡាករ Kylian Mbappe កាលពីឆ្នាំ២០២២ នោះត្រូវបានកីឡាករ Kylian Mbappe បដិសេធ ដោយសារតែកញ្ចប់ថវិកានេះមិនទាន់គ្រប់គ្រាន់នឹងការចង់បានរបស់កីឡាកររូបនេះ។
យោងតាមសារព័ត៌មានជាច្រើនទៀតក៏បានបញ្ជាក់ដែរថា ក្រុម Liverpool ក៏ត្រូវបានក្រុមការងាររបស់កីឡាករ Kylian Mbappe ធ្វើការទំនាក់ទំនងដូចគ្នា ប៉ុន្តែក្រុម Liverpool មិនចង់មានបញ្ហាទាក់ទងនឹងការចំណាយថ្លៃនឿយហត់ច្រើននោះឡើយ។ ក្រុម Arsenal អាចនឹងបន្តផ្តល់ជម្រើសជាច្រើនសម្រាប់កីឡាករ Kylian Mbappe ក្នុងការពិចារណា ប្រសិនបើកីឡាករ Kylian Mbappe បដិសេធក្រុម Real Madrid៕ ប្រភព៖ The Independent