ក្លឹបហ្សង់ក្រហម Liverpool បានបំបែកកំណត់ត្រាដ៏អស្ចារ្យដែលគ្មានក្លឹបណាអាចធ្វើបានអស់រយៈពេល 128 ឆ្នាំមកហើយ
2024-02-23 09:02:59
ក្លឹបហង្សក្រហម Liverpool បានបំបែកកំណត់ត្រាដែលគ្មានក្លឹបណាធ្វើបានអស់រយៈពេល 128 ឆ្នាំមកហើយក្នុងការប្រកួតដែលពួកគេបានយកឈ្នះទៅលើក្លឹប Luton Town កាលពីយប់មិញ។ សម្រាប់ការប្រកួតយប់មិញនេះក្រុមរបស់លោក Jurgen Klopp បានបំបាក់ក្រុម Luton Town ដោយលទ្ធផល 4-1 នៅក្នុងទឹកដីរបស់ខ្លួន ដោយ 04 គ្រាប់នោះរកបានដោយកីឡាករ 04 នាក់ផ្សេងគ្នារួមមាន Virgil Van Dijk , Cody Gakpo , Luis Diaz និងកីឡាករ Harvey Elliott ។
តាមរយៈការរកបានមួយគ្រាប់កាលពីយប់មិញរបស់កីឡាករ Luis Diaz បានធ្វើឲ្យគាត់ក្លាយជាខ្សែប្រយុទ្ធទី 05 របស់ក្លឹប Liverpool ដែលអាចរកគ្រាប់បាល់បាន 10 គ្រាប់បូកនៅរដូវកាលនេះ។ បើយោងតាមការបញ្ជាក់របស់លោក Michael Reid បានឲ្យដឹងថា ពេលនេះ Liverpool មានកីឡាករ 05 នាក់ដែលអាចរកគ្រាប់បាល់បាន 10 គ្រាប់បូក ដែលគ្មានក្លឹបណាអាចធ្វើបានដូចពួកគេបានឡើយរយៈពេល 128 ឆ្នាំមកហើយ ពោលគឺគិតចាប់តាំងពីរដូវកាលឆ្នាំ 1895-1896 មក។ អ្នកទាំង 05 នាក់នោះមានដូចជា Luis Diaz គឺជាកីឡាករទីប្រាំដែលអាចរកបាន 10 គ្រាប់ បន្ទាប់មកមានកីឡាករ Mohamed Salah 19 គ្រាប់ Diago Jota 14 គ្រាប់ Darwin Nunez 13 គ្រាប់និងកីឡាករ Cody Gakpo 11 គ្រាប់ ៕