កីឡាករ Greenwood ថាខ្លួនជំពាក់គុណ Man Utd និងចង់ធ្វើរឿងនេះតបស្នងវិញ
2024-02-27 10:02:23
លោក Jim Ratcliffe បាននិយាយថាលោកចង់ស្វែងយល់កាន់តែច្បាស់ពីករណីរបស់កីឡាករ Mason Greenwood មិនមែនតាមតែអ្នកផ្សេងនោះទេ។ កីឡាករ Mason Greenwood បានអវត្តមានក្នុងការបង្ហាញខ្លួនជាមួយក្រុម Manchester United ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដោយសារតែរឿងក្តីមួយចំនួន។ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករ Mason Greenwood គ្មានបំណងផ្ទេរទៅកាន់ក្រុម Barcelona ឡើយ ប្រសិនបើក្រុម Manchester United នៅចង់បានរូបគេ ដោយកីឡាកររូបនេះប្រកាន់ជំហរថាខ្លួនជំពាក់គុណជាច្រើននៅទីនេះ។
សារព័ត៌មានជាច្រើនក៏បានចុះអំពីក្រុម Barcelona និងក្រុម Atletico Madrid ដែលចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកកីឡាករ Mason Greenwood។ ក្រុម Manchester United ក៏ធ្លាប់បានដាក់តម្លៃខ្លួនកីឡាកររូបនេះក្នុងទឹកប្រាក់ប្រមាណ ៣៤ លានផោនដូចគ្នា ប៉ុន្តែពួកគេអាចនឹងត្រូវរងការរិះគន់ ប្រសិនបើពួកគេសម្រេចចិត្តក្នុងការលក់កីឡាកររូបនេះក្នុងតម្លៃថ្លៃ។ ចាប់តាំងពីចូលរួមជាមួយក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើងមក កីឡាករ Mason Greenwood បង្ហាញខ្លួនបានចំនួន ២៤ ដង ដោយរកគ្រាប់បាល់បាន ៧ គ្រាប់និងប៉ះឱ្យមិត្តរួមក្រុមរកគ្រាប់បាល់បាន ៥ ដង។ កំណត់ត្រានៅក្រុម Manchester United វិញ កីឡាកររូបនេះរកគ្រាប់បាល់បាន ៣៥ គ្រាប់តាមរយៈការលេង ១២៩ ប្រកួត។
គួរបញ្ជាក់ផងដែរថា កីឡាករ Mason Greenwood នឹងមានភារកិច្ចជួយក្រុម Getafe ប៉ះគ្នាជាមួយក្រុម Barcelona នាចុងសប្តាហ៍នេះ ដោយការប្រកួតនេះនឹងធ្វើឱ្យក្រុម Barcelona កាន់តែស្គាល់ច្បាស់ពីសមត្ថភាពរបស់កីឡាករ Mason Greenwood៕