NEWS
ក្លឹប Barcelona បានសម្រេចធ្វើរឿងដ៏គួរឲ្យសោកស្តាយមួយនេះដាក់កីឡាករ Dani Alves
2024-02-29 12:02:47
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា បានដកឋានៈរបស់កីឡាករ Dani Alves ក្នុងនាមជា Legand របស់ក្លឹប បន្ទាប់ពីការកាត់ទោសរបស់កីឡាករជើងចាស់រូបនេះត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន SPORT បានចុះផ្សាយថា Barcelona បានទទួលយកការសម្រេចចិត្តមួយនេះបន្ទាប់ពីសាលក្រមចុងក្រោយរបស់តុលាការត្រូវបានសម្រេច។
គួររំលឹកឡើងវិញថា កាលពីសប្តាហ៍មុនតុលាការនៅប្រទេសអេស្ប៉ាញបានរកឃើញថាកីឡាករ Dani Alves មានទោសពីបទរំលោភទៅលើនារីម្នាក់នៅក្នុងក្លឹបរាត្រីមួយកាលពីខែធ្នូ ឆ្នាំ2022 កន្លងទៅ។ តុលាការបានសម្រេចដាក់ទោស Dani Alves ឲ្យជាប់ពន្ធនាគាររយៈពេល 04 ឆ្នាំកន្លះ និងត្រូវបង់ថ្លៃខូចខាតដល់ជនរងគ្រោះជាទឹកប្រាក់ចំនួន 150 000 អឺរ៉ូផងដែរ។ យ៉ាងណាមិញ ក្រោយពីការប្រកាសមួយនេះក្លឹប Barcelona បានសម្រេចលុបឈ្មោះ Dani Alves ពីបញ្ជីឈ្មោះកីឡាករដែលជា Legend របស់ក្លឹបយ៉ាងគួរឲ្យសោកស្តាយ។
គួរឲ្យដឹងផងដែរថា Dani Alves ធ្លាប់លេងឲ្យក្លឹប Barcelona សរុបចំនួន 408 ប្រកួត ស៊ុតបញ្ចូលទីបានចំនួន 22 គ្រាប់និងបញ្ជូលបាល់បាន 105 លើក។ គាត់ក៏បានឈ្នះពានរង្វាន់ជាច្រើនផងដែរជាមួយក្លឹបអ្នកមានបុណ្យដោយរួមមានពានរង្វាន់ UEFA Champions League ចំនួន 03 ដង FIFA Club World Cup ចំនួន 03 ដងនិង LALIGA ចំនួន 06 លើកផងដែរ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport