Laliga កំពុងបើកការស៊ើបអង្កេតជុំវិញករណីរើសអើងពូជសាសន៍របស់អ្នកគាំទ្រ Valencia ទៅកាន់ Vinicius Jr
2024-03-05 09:03:48
នេះមិនមែនជាលើកទីមួយទេដែល Vinicius Jr ត្រូវបានអ្នកគាំទ្រនៅអេស្ប៉ាញបានធ្វើការរើសអើងពូជសាសន៍ទៅកាន់រូបគេ ខណៈដែលពេលនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ Laliga កំពុងបើកការស៊ើបអង្កេតលើរឿងនេះ ។ ការប្រកួតរវាង Real Madrid ទល់នឹង Valencia កាលពីរាត្រីថ្ងៃសៅរ៍បានបញ្ចប់ទៅដោយមានភាពចម្រូងចម្រាស់ជាទីបំផុត ។ ដោយក្រុមប្រជៀវខ្មៅ Valencia បានបើកទ្វាកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវអធិរាជសរ Real Madrid ក្នុងសប្តាហ៍ទី 27 នៃពានរង្វាន់ League កំពូលអេស្ប៉ាញ Laliga ។ ជាលទ្ធផលក្រុមទាំងពីរបានត្រឹមតែចែកគ្នាម្នាក់មួយពិន្ទុតែប៉ុណ្ណោះក្រោយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល 2-2 ។
ពីរគ្រាប់របស់ Real Madrid រកបានដោយកីឡាករ Vinicius Jr ទាំងពីរគ្រាប់នៅនាទីទី 45+5 និងនាទីទី 76 ។ ដោយឡែកពីគ្រាប់របស់ Valencia រកបានដោយកីឡាករ Hugo Duro នៅនាទីទី 27 និងកីឡាករ Yaremchuk នៅនាទីទី 30 ។ អ្វីដែលជារឿងដែលគួរអោយហួសចិត្តបំផុតនៅក្នុងការប្រកួតនោះគឺថា ក្នុងពេលដែលកីឡាករ Jude Bellingham បានតែតបញ្ចូលទីនៅនាទីចុងក្រោយទៅហើយ តែបែរជាលោកអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅវិញ ។
ភ្លាមៗនោះក៏មានការតវ៉ាយ៉ាងក្តៅគគុកពីសំណាក់ក្រុម Real Madrid ផងដែរតែលោក អាជ្ញាកណ្តាលក៏បានផ្តល់កាតក្រហមទៅកាន់ Jude Bellingham ទៅវិញដោយអះអាងថាការប្រកួតបានបញ្ចប់ហើយ ។ លើសពីនោះ Vinicius Jr ក៏ទទួលការរើសអើងពូជសាសន៍ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Valencia ផងដែរ ។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ Laliga ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតបន្ទាប់ពីមានវីដេអូបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញពីអ្នកគាំទ្រក្រុម Valencia ម្នាក់បានហៅខ្សែរប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr ថាជាសត្វស្វានៅក្នុងការប្រកួតស្មើគ្នា 2-2 កន្លងទៅនេះ ។