ចប់ហើយ! លោក Ten Hag អាចនឹងត្រូវគេបញ្ចប់ភារកិច្ចនាពេលខាងមុខ
2024-03-06 09:03:16
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាកីឡាករក្រុម Manchester United ជាច្រើនរូបជឿជាក់ថាលោក Jim Ratcliffe និង INEOS នឹងបញ្ចប់ការងាររបស់លោក Erik ten Hag បន្ទាប់ពីរដូវកាល ២០២៣-២០២៤។ ស្របពេលដែលការងាររបស់លោកកំពុងនៅបន្តនោះ ក៏មានកីឡាករមួយចំនួនបង្ហាញការមិនសប្បាយចិត្តចំពោះការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ។
លោក Erik ten Hag ក៏ធ្លាប់បានបញ្ជាក់ដែរថាលោកជាមួយលោក Jim Ratcliffe និងនាយកផ្នែកកីឡាលោក Dave Brailsford កំពុងដើរលើផ្លូវតែមួយជាមួយគ្នា។ ប៉ុន្តែដំណែងរបស់លោក Erik ten Hag អាចនឹងក្តៅគគុក ប្រសិនបើគាត់ពុំអាចជួយក្រុម Manchester United ឱ្យយកឈ្នះពាន FA Cup និងយកកៅអីទៅលេង UEFA Champions League នារដូវកាលក្រោយ។ ក្រុម Manchester United បានយកឈ្នះការប្រកួត ៥ ដងជាប់គ្នាបន្ទាប់ពីការសម្រាករដូវរងាររួចមក ប៉ុន្តែក្រុមបិសាចក្រហមមួយនេះកំពុងតែរងសម្ពាធសារជាថ្មី បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Fulham និងក្រុម Manchester City នាពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ក្រុម Manchester United កំពុងតែតាមពីក្រោយក្រុមលេខ ៤ Aston Villa រហូតដល់ទៅ ១១ ពិន្ទុ ដោយពួកគេនឹងមានភារកិច្ចលេងប៉ះគ្នាជាមួយក្រុម Everton នាថ្ងៃសៅរ៍នេះ ក្នុងលីគកំពូល Premier League៕ ប្រភព៖ Daily Mail