កីឡាករ Erling Haaland ឆ្លើយតបទៅកាន់ Alexander Arnold វិញដែលថាពានរបស់ Manchester City ជាពានគ្មានន័យ
2024-03-09 10:03:54
ខ្សែការពារស្លាបស្តាំរបស់ក្រុមហង្សក្រហម Liverpool បាននិយាយថា ការឈ្នះពានរង្វាន់របស់ Manchester City គឺមិនសូវជាមានន័យទេ ខណៈដែលការឈ្នះពានរបស់ Liverpool គឺមានន័យជាងនេះបើមើលទៅកាន់ការចំណាយរបស់ក្រុម ។ ថ្លែងប្រាប់ទៅកាន់ Four Four Two Arnold បាននិយាយថា “ក្រឡេកមើលចុះ ថ្វីត្បិតថាពួកគេបានឈ្នះពានរង្វាន់ច្រើនជាពួកយើងក៏ពិតមែន ហើយក៏ប្រហែលជាជោគជ័យជាងដែរ ប៉ុន្តែពានរង្វាន់របស់យើងវាមានន័យជាងសម្រាប់ក្រុមក៏ដូចជាអ្នកគាំទ្រ បើយើងមើលទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមទាំងពីរ ។
ក្លឹបទាំងពីរបានកសាងក្រុមបែបណា ហើយរបៀបដែលយើងបានធ្វើ វាប្រហែលជាមានន័យកាន់តែច្រើនសម្រាប់ក្រុមនិងអ្នកគាំទ្ររបស់ពួកយើង” ។ ឆ្លើយតបទៅកាន់ Arnold វិញ Haaland បាននិយាយថា “វាមិនអីទេប្រសិនបើគាត់ចង់និយាយអំពីរឿងនេះ ។ ខ្ញុំបានមកទីនេះមួយឆ្នាំហើយបានឈ្នះពានរង្វាន់ចំនួនបី ។ វាជាអារម្មណ៍ល្អណាស់ ដែលខ្ញុំគិតថាគាត់ប្រហែលជាមិនយល់ច្បាស់ពីអារម្មណ៍នេះទេ ។ គាត់អាចនិយាយអ្វីតាមដែលគាត់ចង់ ។
ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់ធ្វើដូច្នេះទេប៉ុន្តែខ្ញុំមិនប្រកាន់គាត់ឡើយ” ។ គួរអោយដឹងផងដែរថាក្រុម Manchester City នឹងត្រូវប៉ះគ្នាជាមួយនឹង Liverpool ក្នុងសប្តាហ៍នេះ នៅរាត្រីថ្ងៃអាទិត្យទី 10 ខាងមុខនេះ ខណៈដែល Liverpool កំពុងតែឈរកំពូលតារាងក្រោយឆ្លងកាត់ 27 ប្រកួតមាន 63 ពិន្ទុ រីឯ Manchester City ឆ្លងកាត់ 27 ប្រកួតដូចគ្នា មាន 62 ពិន្ទុ ឈរនៅលេខរៀងទីពីរ ។ ក្រុមទាំងពីរមានគម្លាតពិន្ទុខុសគ្នាតែមួយពិន្ទុតែប៉ុណ្ណោះ នោះមានន័យថាបើក្រុមណាទទួលបានជ័យជម្នះនឹងត្រូវឡើងទៅឈរនៅលើកំពូលតារាងតែម្តង ។