ក្លឹប Man Utd ត្រូវហ៊ានចំណាយលុយកំណត់ត្រា ប្រសិនបើចង់បានកីឡាកររូបនេះ
2024-03-19 09:03:58
កីឡាករ Jarrad Branthwaite ខ្សែការពារវ័យ ២១ ឆ្នាំរបស់ក្រុម Everton ដែលទើបតែត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅនោះ ក្លាយជាគោលដៅធំបំផុតរបស់ក្រុម Man Utd នារដូវក្តៅនេះ ស្របពេលដែលតម្លៃខ្លួនកីឡាកររូបនេះអាចនឹងមានតម្លៃថ្លៃ។
កីឡាករវ័យក្មេងរូបនេះ អាចជាការបណ្ដាក់ទុនយូរអង្វែងសម្រាប់ក្រុម Man Utd ប៉ុន្តែតម្លៃក្នុងការទិញផ្តាច់នោះ ក៏មិនតិចនោះឡើយ។ តម្លៃខ្លួនរបស់កីឡាករ Jarrad Branthwaite ចាប់ផ្តើមឡើងខ្លាំង គឺបន្ទាប់ពីកីឡាកររូបនេះបានចូលរួមលេងជាមួយក្រុម PSV នៅលីគកំពូល Eredivisie កាលពីរដូវកាល ២០២២-២០២៣ ក្នុងលក្ខខណ្ឌខ្ចីជើង។យោងតាមសារព័ត៌មាន TEAMtalk បានឱ្យដឹងថាតម្លៃខ្លួនរបស់កីឡាកររូបនេះ គឺអាចនឹងខ្ទង់ប្រមាណ ៨០ លានផោន ហើយប្រសិនបើក្លិបបាល់ទាត់ Man Utd ហ៊ានចំណាយដល់ប៉ុណ្ណឹងមែននោះ មានន័យថាតម្លៃខ្លួនកីឡាកររូបនេះនឹងស្មើជាមួយតម្លៃខ្លួនរបស់កីឡាករ Harry Maguire ដែលជាតម្លៃខ្លួនខ្សែការពារថ្លៃជាងគេក្នុងពិភពលោក។
គួរបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់ Everton អាចនឹងយកគំរូតាម Leicester City ដែលបានលក់ខ្សែការពារ Wesley Fofana ទៅកាន់ក្រុម Chelsea ក្នុងតម្លៃខ្លួន ៧៥ លានផោនកាលពីឆ្នាំ២០២២។ គេក៏កំពុងតែរង់ចាំមើលដែរថា ក្រុម Man Utd ហ៊ានចំណាយទៅលើកីឡាកររូបនេះដែរឬយ៉ាងណា៕ប្រភព៖ TEAMtalk