ក្លឹប Real Madrid ចង់ប្រកួតជាមួយ ក្លឹបAl Nassr ក្នុងការសម្ភោធកីឡដ្ឋានថ្មី
2024-03-25 10:03:10
ក្រុមធិរាជសរ Real Madrid បានដាក់សំណើរទៅកាន់ក្រុម Al Nassr ដើម្បីប្រកួតមិត្តភាព ។ គោលបំណងនៃការប្រកួតគឺដើម្បីសម្ភោធនូវកីឡដ្ឋានថ្មីរបស់ Real Madrid ដែលនឹងបញ្ចប់ការសាងសង់ជាផ្លូវការណ៍ក្នុងខែមិថុនា ខាងមុខនេះ ។ លើសពីនោះស្តេចសរក៏បានដាក់សំណើរទៅកាន់ Al Nassr ដើម្បីអោយ Cristiano Ronaldo លេងមួយតង់ដោយពាក់ឯកសណ្ឋាន Al Nassr និងមួយតង់ទៀតដោយប្រើប្រាស់ឯកសណ្ឋាន Real Madrid ។
គួររំលឹកផងដែរថាតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាវីរៈបុរសសម្រាប់ក្លឹបស្តេចសរ ដោយបានចំណាយពេល 9 រដូវកាលក្នុងការលេងអោយក្រុមអធិរាជសរ Real Madrid និងស៊ុតបញ្ចូលទីបាន 451 គ្រាប់ក្នុងចំណោមការចូលលេង 438 ប្រកួតក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតសម្រាប់ក្លឹបនិងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ មុនពេលចាកចេញពីក្លឹបទៅចូលរួមជាមួយសេះបង្កង់ Juventus ក្នុងឆ្នាំ 2018 ខណដែលបច្ចុប្បន្នបុរសវ័យ 39 ឆ្នាំរូបនេះកំពុងប្រកបអាជីពនៅ Al Nassr ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
គួរអោយដឹងផងដែរថា Real Madrid បានចំណាយទំហំទឹកប្រាក់ប្រមាណក្បែរមួយពាន់លានអ៊ឺរ៉ូ ក្នុងការសាងសង់កីឡដ្ឋានថ្មីមួយនេះ ។ ដោយបានបើកការដ្ឋានសាងសង់នៅក្នុងរដូវក្តៅឆ្នាំ 2019 និងត្រៀមបញ្ចប់ក្នុងខែមិថុនាឆ្នាំ 2024ខាងមុខនេះ ដែលធ្វើអោយកីឡដ្ឋានមួយនេះក្លាយជាកីឡាដ្ឋានធំបំផុតនិងទំនើបបំផុតនៅតំបន់អ៊ឺរ៉ុបផងដែរ ។ កីឡដ្ឋាន Santiago Bernabeu ថ្មីមួយនេះមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបាន 81044 នាក់ ក៏ជាកីឡដ្ឋានដំបូងគេនៅតំបន់អ៊ឺរ៉ុបដែលមានតំបូលបិទជិតផងដែរ លើសពីនោះនៅក្នុងកីឡដ្ឋានក៏មានសារមន្ទីរ កន្លែងហាត់ប្រាណ និងផ្សារទំនើបទៀតផង ។