ក្លឹប Man City កំពុងជួបវិបត្តិថ្មីមួយទៀតហើយមុនជួប Arsenal
2024-03-28 10:03:18
កីឡាករ John Stones ត្រូវបានរងរបួស និងត្រូវប្តូរចេញក្រោយពីលេងបានត្រឹម ៨ នាទីប៉ុណ្ណោះ ក្នុងជំនួបដែលក្រុមជម្រើសជាតិអង់គ្លេសប៉ះគ្នាជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពីយប់មិញនេះ។ក្រុម Man City នឹងត្រូវមានភារកិច្ចច្រើនជាបន្តបន្ទាប់ ដោយពួកគេនឹងត្រូវប៉ះគ្នាជាមួយក្រុម Arsenal នាថ្ងៃអាទិត្យនេះ មុនពេលត្រូវបន្តទៅប៉ះគ្នាជាមួយក្រុម Aston Villa និងក្រុម Crystal Palace។ លើសពីនេះ ក្រុម Man City នឹងត្រូវធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីប៉ះគ្នាជាមួយក្រុម Real Madrid សម្រាប់ព្រឹត្តិការណ៍ Champions League វគ្គ ៨ ក្រុមចុងក្រោយ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
អ្វីដែលគួរឱ្យបារម្ភនោះ គឺកីឡាករ John Stones រងរបួសត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកីឡាករ Kyle Walker រងរបួសក្នុងជំនួបដែលក្រុមជម្រើសជាតិអង់គ្លេស ប៉ះគ្នាជាមួយក្រុមជម្រើសជាតិប្រេស៊ីល ប៉ុន្តែរបួសរបស់កីឡាករ Kyle Walker មិនធ្ងន់ធ្ងរនោះឡើយ។
កីឡាករ John Stones នឹងធ្វើដំណើរត្រឡប់ទៅកាន់ក្លិបបាល់ទាត់ Man City វិញ និងត្រូវពិនិត្យតាមដានស្ថានភាពរបួស។ ក្នុងរដូវកាលនេះ ក្រុម Man City ជួបនឹងបញ្ហារបួសកីឡាករផ្ទួនៗ ស្របពេលកីឡាករ John Stones លេងបានត្រឹម ១១ ប្រកួតប៉ុណ្ណោះ ក្នុងនាមជាជម្រើស ១១ នាក់ដំបូងក្នុងលីគកំពូល Premier League៕ប្រភព៖ GOAL