កីឡាករ Harry Kane ទំនងជាធ្វើការសារជាថ្មីជាមួយនឹងគ្រូបង្វឹករូបនេះ
2024-04-03 09:04:58
ក្រុម Bayern Munich ទំនងជាអស់ឱកាសក្នុងការឈ្នះពានរង្វាន់ Bundesliga ហើយ បន្ទាប់ពីក្រុម Bayer Leverkusen ធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ។ ក្រុម Bayern Munich នៅសល់ឱកាសតែមួយគត់ប៉ុណ្ណោះ ក្នុងការបន្តដណ្ដើមពានរង្វាន់ UEFA Champions League។លោក Thomas Tuchel ក៏បានប្រកាសហើយថា លោកនឹងចុះចេញពីដំណែងជាគ្រូបង្វឹកក្រុម Bayern Munich នាដំណាច់រដូវកាលនេះដូចគ្នា។ លោក Jose Mourinho អតីតគ្រូបង្វឹកក្រុម Real Madrid បានក្លាយជាបេក្ខភាពមួយដែលក្រុម Bayern Munich អាចនាំយកមកដឹកនាំបន្ត ដែលមានន័យថាកីឡាករ Harry Kane អាចនឹងត្រូវធ្វើការសារជាថ្មីជាមួយគ្រូបង្វឹករូបនេះ។
អតីតខ្សែបម្រើក្រុម Bayern Munich លោក Dietmar Hamann ក៏បង្ហាញពីចំណាប់អារម្មណ៍ដែរចំពោះរឿងនេះ ដោយលោកបាននិយាយថាក្រុម Bayern Munich គួរតែនាំយកលោក Jose Mourinho មកដឹកនាំបន្ត។ លោកក៏បានលើកឡើងនៅគ្រាដែលលោក Jose Mourinho កំពុងដឹកនាំក្រុម Chelsea នោះ កីឡាករសុទ្ធសឹងតែគោរពស្រឡាញ់លោក។
គួរបញ្ជាក់ផងដែរថា ក្រុម Bayern Munich មានភារកិច្ចបន្តក្នុងការប្រកួតលីគកំពូល Bundesliga ដោយត្រូវប៉ះគ្នាជាមួយក្រុម Heidenheim នាថ្ងៃសៅរ៍នេះ មុនពេលដែលក្រុមទាំងមូលត្រូវធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីបន្តដំណើរក្នុងការប្រកួត UEFA Champions League ដោយត្រូវប៉ះគ្នាជាមួយក្រុម Arsenal ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ជើងទី១៕ប្រភព៖ Sky90