មកដឹងមូលហេតុដែលកីឡាករ Emiliano Martinez ទទួលបានកាតលឿងពីរប៉ុន្តែមិនត្រូវបានគេបណ្តេញចេញពីការប្រកួត
2024-04-21 10:04:44
អ្នកចាំទីកំពូលឌឺ Emiliano Martinez មិនត្រូវបានលោកអាជ្ញារកណ្តាលបណ្តេញចេញពីការប្រកួតនោះទេ បើទោះបីជារូបគេទទួលបានកាតលឿងចំនួនពីរក្នុងអំឡុងពេលការប្រកួតរវាងក្លឹប Aston Villa ទល់និងក្លឹប Lille នៅក្នុងពានរង្វាន់ UEFA Europa Conference League វគ្គ 08 ក្រុមចុងក្រោយជើងទីពីរកាលពីយប់មិញនេះ។
យ៉ាងណាមិញ យោងតាមច្បាប់របស់បាល់ទាត់កាតលឿងដែលទទួលបានអំឡុងពេលការប្រកួតចាប់ផ្តើមឡើងវិញ ដូចជាការឈានមកដល់វគ្គទាត់បាល់ប៉េណាំងទីនេះជាដើមគឺគេតម្រូវឲ្យរាប់សាជាថ្មី ហេតុដូចនេះហើយបានជា Martinez អាចបន្តការប្រកួតបាន បើទោះបីជាទទួលបានកាតលឿងពីរក៏ដោយ។ គួរឲ្យដឹងផងដែរថា កាតលឿងទីមួយ Martinez ទទួលបានក្នុងអំឡុងម៉ោងប្រកួត 90 នាទីដំបូងដោយសារតែគាត់ព្យាយាមលេងស៊ីម៉ោង។ ខណៈពេលដែលកាតលឿងទីពីរគាត់ទទួលបានអំឡុងពេលទាត់បាល់ប៉េណាំងទីកាត់សេចក្តីដោយសារតែគាត់បានធ្វើសកម្មភាពមិនសមរម្យឌឺដងទៅកាន់អ្នកគាំទ្ររបស់ក្លឹប Lille ។
គួររំលឹកឡើងវិញថា ក្នុងការប្រកួតយប់មិញនេះក្លឹប Aston Villa បានយកឈ្នះក្លឹប Lille ដោយបាល់ប៉េណាំងទី 4-3 ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa Conference Leagues ហើយ Emiliano Martinez គឺជាតួអង្គដ៏សំខាន់ក្នុងជ័យជំនះនេះដោយរូបគេអាច Save បាល់ប៉េណាំងទីរបស់ក្រុម Lille បានដល់ទៅពីរគ្រាប់ ៕