ក្លឹប PSG លើកពាន Ligue 1 ជាផ្លូវការបើទោះបីជាមិនទាន់បញ្ចប់រដូវកាលក៏ដោយ
2024-04-29 02:04:28
ក្លឹប PSG បានក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់ប្រទេសបារាំង Ligue 1 ជាផ្លូវការសម្រាប់រដូវកាលឆ្នាំ 2023-2024 នេះ ដែលធ្វើឲ្យពួកគេបានឈ្នះចំនួន 10 ពានរង្វាន់ក្នុងចំណោម 13 រដូវកាលចុងក្រោយគិតចាប់តាំងពីឆ្នាំ 2011 មក។
ការឈ្នះពានរបស់ PSG នេះបានកើតឡើងដោយសារតែក្លឹបចំណាត់ថ្នាក់លេខពីរ AS Monaco បានប្រកួតចាញ់ក្លឹប Lyon ហើយ PSG បានប្រកួតស្មើរជាមួយក្លឹប Le Havre ដោយលទ្ធផល 3-3 ដែលមានន័យថា Monaco មាន 58 ពិន្ទុតាមពីក្រោយ 12 ពិន្ទុពី PSG ដែលមាន 70 ពិន្ទុដោយនៅសល់ 03 ប្រកួតរៀងៗខ្លួនទៀតដែលត្រូវលេង។ អ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ រដូវកាលនេះ PSG អាចនិងបង្កើតរដូវកាលមាសរបស់ខ្លួនតាមរយៈការឈ្នះពានចំនួន 04 ក្នុងមួយរដូវកាល ដោយបច្ចុប្បន្នពួកគេធ្វើសម្រេចបានចំនួន 02 ពានរង្វាន់ហើយរួមមាន ការឈ្នះពានrរង្វាន់ Ligue 1 នេះ និងការឈ្នះពាន France Super Cup កន្លងមក។
ពីរពានរង្វាន់ទៀតដែលត្រូវយករួមមាន ពានរង្វាន់ UEFA Champions League ដែលបច្ចុប្បន្នពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវប៉ះជាមួយក្លឹប Borussia Dortmund និងពានរង្វាន់ Copa De France ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រត្រូវប៉ះជាមួយក្លឹប Lyon នៅថ្ងៃទី26 ខែឱសភា ឆ្នាំ2024 ខាងមុខ ៕