ក្លឹប Bayer Leverkusen តាមស្មើរកំណត់ត្រារបស់ក្លឹប Benfica 59 ឆ្នាំគ្មានក្លឹបណាធ្លាប់ធ្វើបាន
2024-05-07 10:05:53
ក្លឹប Bayer Leverkusen នៅតែបន្តភាពខ្លាំងរបស់ខ្លួនដដែល បន្ទាប់ពួកគេបានប្រកួតយកឈ្នះក្លឹប Eintracht Frankfurt ដោយលទ្ធផល 5-1 នៅក្រៅដីក្នុងក្របខ័ណ្ឌ Bundesliga កាលពីយប់មិញនេះ។ លទ្ធផលនេះបានធ្វើឲ្យ Bayer Leverkusen មាន 84 ពិន្ទុឈរនៅកំពូលតារាងដោយគ្មានការព្រួយបារម្ភត្បិតអីពួកគេគឺជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិបាត់ទៅហើយ ខណៈ Eintracht Frankfurt ឈរនៅចំណាត់ថ្នាក់លេខ 05 មាន 45 ពិន្ទុ។
យ៉ាងណាមិញ សម្រាប់ Bayer Leverkusen តាមរយៈការប្រកួតឈ្នះនៅយប់មិញនេះ បានធ្វើឲ្យពួកគេលេងមិនចាញ់សោះចំនួន 48 ប្រកួតកន្លងមក ហើយថែមទាំងបានតាមស្មើរកំណត់ត្រារបស់ក្លឹប Benfica ទៀតផងដែលពួកគេធ្លាប់ធ្វើវាបានកាលពីរដូវកាលឆ្នាំ 1965 ដោយរយៈពេលកន្លងទៅ 59 ឆ្នាំមកហើយគ្មានក្លឹបណាអាចធ្វើបានទើបតែ Bayer Leverkusen មួយនេះទេដែលអាចធ្វើបាននៅរដូវកាលឆ្នាំ 2023-2024 នេះ។
គួរឲ្យដឹងផងដែរថា នៅក្នុងក្របខ័ណ្ឌ Bundesliga ក្លឹប Bayer Leverkusen នៅសល់ 02 ប្រកួតទៀតដែលត្រូវលេង ដោយត្រូវប៉ះជាមួយក្លឹប Ausberg និងក្លឹប Bochum ។ លើសពីនេះទៅទៀត ពួកគេក៏ត្រៀមលេងជាមួយក្លឹប AS Roma ក្នុងការប្រកួតជើងទីពីរពានរង្វាន់ Europa League និងលេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ DFB Pokal ជាមួយក្លឹប Kaiserslautern នៅថ្ងៃទី25 ខែឱសភា ៕