NEWS
ក្លឹប Manchester United អាចនិងមិនបានលេងពានរង្វាន់ Europa League ដោយសារបញ្ហាមួយនេះ
2024-05-29 09:05:16
ក្លឹបបិសាចក្រហម Manchester United អាចនិងមិនបានលេងពានរង្វាន់លំដាប់ទីពីរនៅអឺរ៉ុប UEFA Europa League នៅរដូវកាលក្រោយនោះទេ បើទោះបីជាពួកគេបានឈ្នះពាន​រង្វាន់ FA Cup កាលពីពេលថ្មីៗនេះក៏ដោយ។ ពីដំបូងឡើយ Manchester United គ្មានកៅអីលេង Europa League នោះទេក្រោយពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 08 នៅក្របខ័ណ្ឌ Premier League ។
ប៉ុន្តែបន្ទាប់ពីយកឈ្នះក្លឹប Manchester City ដោយលទ្ធផល 2-1 នៅវគ្គផ្តាច់ព្រ័ត្រលើកពាន FA Cup មក ពួកគេក៏ទទួលបានកៅអីលេង Europa League នេះដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ ថ្មីៗនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង The L’Equip បានឲ្យដឹងថា UEFA អាចនិងដកកៅអី Europa League ពី Manchester United វិញ ក្រោមហេតុផលទាក់ទងនិងភាពជាម្ចាស់ក្លឹបច្រើន។ បច្ចុប្បន្នបិសាចក្រហមត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliff ដែលកាន់កាប់ 30% នៃភាគហ៊ុនសរុបរបស់ក្លឹប ខណៈដែលលោក Sir Jim Ratcliff ក៏ជាម្ចាស់ក្លឹប Nice ដែលលេងនៅ Ligue 1 បារាំងផងដែរ។
យោងតាមសារព័ត៌មាន ​​L'Equipe បានឱ្យដឹងថា UEFA នឹងមិនអនុញ្ញាតឱ្យក្លឹបដែលមានម្ចាស់គ្រប់គ្រងតែមួយហើយមានភាគហ៊ុនច្រើនជាង 30 ភាគរយនៃក្លឹបនីមួយៗប្រកួតប្រជែងក្នុងពានរង្វាន់តែមួយនោះទេ។ ដូច្នេះប្រសិនបើលោក Sir Jim Ratcliff មិនអាចស្វែងរកដំណោះស្រាយនិងបំពេញតាមគោលការណ៍ណែនាំរបស់ UEFA ឲ្យបានលឿននោះទេ នោះក្លឹប Manchester United ឬក៏ក្លឹប Nice ទំនងជានឹងត្រូវកាត់ឲ្យទៅលេងពានកម្រិតទីបី Europa Conference League ជំនួសវិញ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport