ក្លឹប Man UTD ជិតបញ្ចប់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Patrick Dorgu ពី Lecce
2025-01-31 11:01:47
ប្រភពពីសារព័ត៌មាន BBC នៅអង់គ្លេសបានអោយដឹងថាក្លិប Man UTD ជិតបញ្ចប់ដោយជោគជ័យនូវកិច្ចសន្យាទិញយកខ្សែការពារឆ្វេង Patrick Dorgu របស់ក្លិបអ៊ីតាលី Lecce។
Man UTD បានដាក់ការចរចានាំយកកីឡាករអន្តរជាតិដាណឺម៉ាករូបនេះ តាំងពីសប្តាហ៍មុន ប៉ុន្តែបានបរាជ័យ។ យ៉ាងណា ក្លិបបិសាចក្រហម នៅតែបន្តការចរចា ជាមួយ Patrick Dorgu សាជាថ្មី ហើយជឿថា ការចរចាចុងក្រោយកំពុងទទួលបានផ្លែផ្កាល្អ ដោយត្រូវការពេលវេលាបន្តិច មុនពេល រូបគេនឹងធ្វើដំណើរមកកាន់ទីក្រុង Manchester ដើម្បីពិនិត្យសុខភាព។
ការចង់បានកីឡាករ វ័យ ២០ឆ្នាំ ដោយគ្រូបង្វឹក Man UTD លោក Ruben Amorim មានបំណងចង់ដោះស្រាយបញ្ហានៅតំបន់ការពារផ្នែកខាងឆ្វេងនៃក្រុមរបស់លោក។
លោក Ruben Amorim បានជាប់គាំងជាមួយ Diogo Dalot ជាជម្រើសដំបូង ទោះបីជាកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះអាចលេងតំបន់ផ្នែកខាងស្តាំក៏ដោយ ។
Patrick Dorgu បានចូលរួមជាមួយក្លិប Lecce ក្នុងក្របខណ្ឌ Serie A ក្នុងនាមជាកីឡាករយុវជនក្នុងឆ្នាំ ២០២២ និងបានបង្ហាញខ្លួន ៥៧ លើកសម្រាប់ក្រុមនៅលីគកំពូលអ៊ីតាលីមួយនេះ។ រូបគេក៏បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងការប្រកួត UEFA Nations League ប៉ះជាមួយក្រុមស្វីសក្នុងខែកញ្ញា ហើយបានសរុបការលេងចំនួន៤ដងស៊ុតបាន១គ្រាប់ផងដែរ។
ដោយឡែក វាមិនត្រូវបានគេដឹងថា តើការមកដល់របស់ Patrick Dorgu នឹងបង្ខំអោយ Man UTD លក់កីឡាកររបស់ពួកគេមួយចំនួនចេញមុនថ្ងៃទី ៣០ ខែមិថុនា ដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ក្របខណ្ឌ Premier League ឬយ៉ាងណានោះទេ៕