NEWS
ខ្សែប្រយុទ្ធ Neymar ទៅជួបជុំគ្នាជាលើកចុងក្រោយជាមួយមិត្តរួមក្រុម Al Hilal
2025-01-31 11:01:40
ខ្សែប្រយុទ្ធ Neymar បានធ្វើដំណើរទៅកាន់ក្លិប Al Hilal ដើម្បីធ្វើពិធីលាគ្នាជាលើកចុងក្រោយ បន្ទាប់ពីរូបគេនឹងចាកចេញពីក្លិបលីគកំពូលអារ៉ាប៊ីសាអូឌីតមួយនេះ។ Neymar បានឈានដល់ការចែកផ្លូវពីក្លិប Al Hilal ដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកបន្ទាប់ពីកីឡាករវ័យ ៣២ឆ្នាំ មិនសូវបានបង្ហាញខ្លួន ដោយសារបញ្ហារបួសញឹកញ៉ាប់ពេក។ នៅក្នុងពេលវេលាដែល Neymar នឹងចាកចេញពីក្លិបនោះ រូបគេក៏បានធ្វើដំណើរទៅជួបជុំជាមួយមិត្តរួមក្រុមរបស់គេ ដើម្បីសំណេះសំណាលគ្នាជាលើកចុងក្រោយ ក៏ដូចជាថ្លែងអំណរគុណដល់សមាជិកទាំងអស់ ចំពោះការសហការគ្នាកន្លងមក។
កីឡាករប្រេស៊ីល មកដល់ក្លិប Al Hilal ដំបូង រូបគេលេងបានត្រឹមតែ ៤ ទៅ៥ ប្រកួតប៉ុណ្ណោះ ហើយបន្ទាប់មកនៅអំឡុងបំពេញភារកិច្ចជួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ទល់នឹងអ៊ុយរូហ្គាយ កាលពីខែតុលា ឆ្នាំ ២០២៣ រូបគេក៏ជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ ACL និងខកខានលេង មកដល់ពេលនេះ។ Neymar ក៏ត្រូវបានក្លិប Al Hilal ដកឈ្មោះចេញពីបញ្ជីកីឡាករក្រុមសម្រាប់ការប្រកួតពានរង្វាន់សំខាន់ប្រចាំលីគកំពូល ហើយដាក់ឈ្មោះត្រឹមការប្រកួតពានរង្វាន់ AFC Champions League តែប៉ុណ្ណោះ។ ក្លិប Al Hilal ក៏ធ្លាប់បានអះអាងថា Neymar បាត់បង់សមត្ថភាពខ្លាំងពូកែ និងមិនស្របតាមកម្រិតក្លិបត្រូវការ។
រាប់ចាប់តាំងពីពេលមកដល់ក្លិបភ្លាម ក្រោយផ្ទេរចេញពីក្លិប Paris Saint Germain ក្នុងតម្លៃ ៩៦,៧លានដុល្លារ កាលពីឆ្នាំ ២០២៣ Neymar បង្ហាញខ្លួនលេងអោយ Al Hilal តាមត្រឹមតែ ៧ប្រកួត ប៉ុណ្ណោះ។ រឿងរ៉ាវការចាកចេញនេះដែរ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលជាច្រើនបានចុះផ្សាយថា Neymar នឹងអាចវិលត្រឡប់ទៅកាន់ក្លិបចាស់នៅប្រេស៊ីលវិញនោះគឺ Santos FC ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport