ទីបំផុតតារាសំខាន់របស់ Manchester united បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយនឹងក្លឹបហើយ
2023-05-10 09:05:35
អ្នកចាំទី David de Gea របស់ក្រុម Manchester United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចសន្យាថ្មីជាមួយក្លឹបបីសាចក្រហមហើយ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអេស្ប៉ាញនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ សារព័ត៌មាន The Telegraph រាយការណ៍ថា De Gea វ័យ 31 ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយដែលរួមមានប្រាក់ខែគោលទាប និងការលើកទឹកចិត្តសម្រាប់គាត់ក្នុងការប្រកួតនានា។
មួយវិញទៀតការរំពឹងទុកជាច្រើនខែជុំវិញអនាគតរបស់ De Gea ជាមួយនឹងសំណួរជាច្រើនអំពីកន្លែងរបស់គាត់នៅក្នុងក្រុមរបស់ Erik ten Hag ក៏ត្រូវបានបញ្ចប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើបានបញ្ជាក់ផងដែរថា អ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានគេរិះគន់បន្ទាប់ពីបានបង្កអោយមានកំហុសអំឡុងពេលប្រកួតជាមួយនឹងក្រុម West Ham United កាលពីថ្ងៃអាទិត្យថ្មីៗនេះ ។ De Gea បានបង្ហាញខ្លួនចំនួន 53 ដងក្នុងការប្រកួតនានាក្នុងរដូវកាលនេះ ដោយរក្សាបាន Clean Sheet ចំនួន 23 ដង ។
បន្ថែមពីនេះទៅទៀតគាត់នឹងបន្តក្លាយជាកីឡាករដែលលេងបានយូរបំផុតរបស់ក្លឹប Manchester United ។ គួរអោយដឹងផងដែរថា អ្នកចាំទីរូបនេះបានមកដល់ Old Trafford ពី Atletico Madrid តាំងពីឆ្នាំ 2011 ហើយក្រុមបីសាចក្រហម ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករដោយលោក Ten Hag បាន ផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ អ្នកចាំទី David Raya របស់ Brentford ផងដែរ។