រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង៧កន្លែង សម្រាប់អ្នកចង់ទស្សនាពិធីបិទស៊ីហ្គេម
2023-05-17 09:05:14
គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចធ្វើប័ណ្ណចូលទស្សនា និងបណ្ណ័រថយន្តថ្មីសម្រាប់ប្រើប្រាស់ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ល្ងាចនេះ ពោលប័ណ្ណសម្រាប់ចូលទស្សនាពិធីបើកស៊ីហ្គេមប្រើការលែងបានហើយ។
ការសម្រេចធ្វើប័ណ្ណថ្មីចូលទស្សនាពិធីបិទស៊ីហ្គេមល្ងាចនេះ គឺធ្វើឡើងដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នាឱកាសបិទព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងទៀតដើម្បី រក្សាបាននូវកន្លែងអង្គុយ សមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានប្រកាសនៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះដូច្នេះថា៖«សម្រេចបោះពុម្ពសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ»។
ចំពោះអ្នកគាំទ្រដែលមិនមានសំបុត្រ តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ ចំពោះទីតាំងទាំង ៧ដែលនឹងរៀបចំការផ្សាយបន្ដផ្ទាល់ឲ្យប្រជាពលរដ្ឋទស្សនាការបិទព្រឹត្ដិការណ៍ស៊ីហ្គេម រួមមាន៖
១. សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២. សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ
៣. ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាតនិរោធ ខណ្ឌច្បារអំពៅ
៤. សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥. សួនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ អភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦. សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ពជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
គួរបញ្ជាក់ផងដែរថា ការចាក់ផ្សាយនេះគឺ ទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ដើម្បីចូលរួមអបអរសាទព្រឹក្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕