ស៊ីហ្គេមឆ្នាំ ២០២៣៖ កម្ពុជាឈរលេខ៤សម្រាប់មេដាយមាស និងឈរលេខ៣សម្រាប់មេដាយសរុប
2023-05-18 02:05:31
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់តាំងពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានបិទបញ្ចប់ហើយកាលពីរាត្រីថ្ងៃអង្គារ ដោយរង់ចាំកម្មវិធីបិទជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភានេះ។ តាមរយៈការប្រកួតប្រជែងជាង៣០ប្រភេទកីឡាអស់រយៈពេលកន្លះខែកន្លងទៅ កម្ពុជាបានឈ្នះមេដាយសរុបជាង២០០មេដាយ ហើយឈរនៅលំដាប់ថ្នាក់លេខ៤ បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះ ត្រូវគេវាយតម្លៃថាកម្ពុជាមានសមត្ថភាពពេញលេញ ទាំងការរៀបចំ និងការចូលរួមប្រកួត ដែលទទួលបានលទ្ធផលដ៏ល្អមិនធ្លាប់មានចាប់តាំងពីជាង៦០ឆ្នាំកន្លងទៅ។
បំផុតកម្ពុជាឈរនៅលំដាប់ថ្នាក់ទី៤ បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាបានឈ្នះមេដាយសរុបចំនួន២៨២ ក្នុងនោះមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៦។ តែបើគិតពីចំនួនមេដាយច្រើនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣នៃប្រជាជាតិអាស៊ាន១១ប្រទេស។ រីឯប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាងគឺវៀតណាម ដោយវៀតណាមបានឈ្នះមេដាយសរុបចំនួន៣៥៥ ក្នុងនោះមាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៤។ ចំណាត់ថ្នាក់លេខ២ គឺថៃ ទទួលបានមេដាយសរុបចំនួន៣១៣ ក្នុងនោះមាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៩។ រីឯចំណាត់ថ្នាក់លេខ៣លើកម្ពុជាគឺឥណ្ឌូនេស៊ី ដោយឥណ្ឌូនេស៊ីទទួលបានមេដាយសរុប២៧៦ ក្នុងនោះមាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩។
ដោយឡែកប្រទេសអាស៊ានផ្សេងទៀត ដែលគេចាត់ទុកថាមានសក្តានុពលខាងកីឡាដែរនោះ ដូចជាហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ី ត្រូវគេមើលឃើញថាជាលើកដំបូងហើយនៃប្រវត្តិសាស្ត្រការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសទាំងអស់នេះនៅក្រោមកម្ពុជា ដោយហ្វីលីពីនឈ្នះមេដាយសរុបចំនួន២៦២ សិង្ហបុរីមានមេដាយសរុប ១៥៧ និងម៉ាឡេស៊ីបានមេដាយសរុប១៧៥។
សម្រាប់ប្រទេសអាស៊ាន៤ផ្សេងទៀត រួមមានភូមា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត សុទ្ធសឹងជាប្រទេសដែលស្ថិតនៅបាតតារាង ដោយមានគម្លាតមេដាយយ៉ាងច្រើនពីកម្ពុជា។ ជារួមលទ្ធផលដែលកម្ពុជាទទួលបាននៅស៊ីហ្គេមឆ្នាំ២០២៣នេះ គឺជាលទ្ធផលដ៏ល្អ ហួសពីការរំពឹងទុក ដែលកម្ពុជារំពឹងថានឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយប៉ុណ្ណោះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC)។
នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកសរសេរតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកថាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរនៅលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន ដោយលោកចាត់ទុកថានេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីក៏បាប្រៀបធៀបដែរកាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ ដោយមិនបានឈ្នះមេដាយអ្វីទាំងអស់។
ជាការពិតសមត្ថភាពកីឡារបស់កម្ពុជាត្រូវបានវាយតម្លៃថាមានការកើនឡើង មិនត្រឹមតែប្រភេទកីឡាប្រពៃណី និងកីឡាតំបន់ប៉ុណ្ណោះទេ តែកម្ពុជាមានការរីកចម្រើនប្រភេទកីឡាអូឡាំពិក និងសកលផងដែរ។
សូមបញ្ជាក់ដែរថាប្រទេសកម្ពុជាបានរៀបចំការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងចាប់តាំងពីជាង៦០ឆ្នាំ ដោយស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានចំណាយថវិកាជាង ១០០លានដុល្លារ មិនយកថ្លៃពីការស្នាក់នៅ និងអាហារសម្រាប់ប្រតិភូកីឡាបរទេសជាង១ម៉ឺននាក់ មិនលក់សំបុត្រ និងមិនគិតកម្រៃពីសិទ្ធិផ្សាយបន្តផ្ទាល់ជាដើម។
ជាទូទៅការរៀបចំរបស់កម្ពុជាក្រៅពីជោគជ័យដ៏ធំធេង ក៏មានចំណុចអវិជ្ជមានមួយចំនួនដែរ តែអ្នកវិភាគកីឡានានា និងមន្ត្រីកីឡាផ្លូវការវាយតម្លៃថាចំណុចអវិជ្ជមានតិចតួចមិនអាចលុបលើកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់កម្ពុជាឆ្នាំ២០២៣នេះបានទេ។ ជាមួយគ្នានេះ កម្ពុជាតាមរយៈអ្នកគ្រប់គ្រងកីឡា បានប្តេជ្ញាថានឹងបន្តយន្តការ និងការប្រឹងប្រែងនេះសម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ជាបន្តទៀត៕